​​​អ្នក​ជំនាញ​៖ ​អនុវត្ត​​គន្លឹះ​ទាំង​៥​នេះ ​ដើម្បី​​កុំ​ឲ្យ​កើត​ជំងឺ​មហារីក​នៅ​រយៈពេល​២០​ឆ្នាំ​ក្រោយ​​



ជំងឺ​មហារីក​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ ​ក្នុង​ចំណោម​ប្រភេទ​ជំងឺ​ផ្សេងៗ​ទៀត ​ដែល​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ងាយ​បំផុត​។ ​ជុំវិញ​បញ្ហា​នេះ​ដែរ ​​លោក William Nelson ​ជា​នាយក​មជ្ឈមណ្ឌល​មហារីក Sidney Kimmel​ ​នៅ​សាកលវិទ្យាល័យ Johns Hopkins​​របស់​សហរដ្ឋអាមេរិក​បាន​ ​ផ្ដល់​អនុសាសន៍​ចំនួន​៥​យ៉ាង​ ​ដើម្បី​បញ្ចៀស​ជម្ងឺ​មហារីក​នៅ​រយៈពេល​២០​ឆ្នាំ​ក្រោយ​៖​​​​​​ ​

១) ​អ្វី​ដែល​សំខាន់​នោះ ​គឺ​អ្នក​ត្រូវ​តែ​ជៀសវាង​ការ​ប្រើប្រាស់​ថ្នាំ​ជក់​​គ្រប់​ទម្រង់​ទាំង​អស់​។ ​ ​​ជំងឺ​មហារីក​​សួត​ ​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​​ដែល​កើត​ឡើង​​ទាំង​បុរស​ ​និង ស្ត្រី​នៅ​សហរដ្ឋ​អាមេរិក​ ​ដែល​បណ្ដាល​មក​ពី​ប្រើប្រាស់​ថ្នាំ​ជក់​។ ​​តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ​​អ្នក​ដែល​ជក់​បារី​ ​គឺ​មាន​​អត្រា​​កើត​ជម្ងឺ​មហារីក​លើស​ពី​មនុស្ស​ធម្មតា​ចំនួន​២៥​ដង​។ ​ថ្នាំ​ជក់​មិន​ត្រឹម​តែ​បង្ក​ជា​ជំងឺ​មហារីក​សួត​​នោះ​ទេ ​វា​ថែម​ទាំង​អាច​បង្ក​ជា​មហារីក​ចំនួន​១៨​ប្រភេទ​ផ្សេង​ទៀត​​ផង​ដែរ​។

២) ​បញ្ចៀស​ការ​ទទួល​កម្ដៅ​ពី​ព្រះ​អាទិត្យ​ដែល​ក្ដៅ​ហួស​ប្រមាណ​។ ថ្វីត្បិត​តែ​ ​ ពន្លឺ​ព្រះ​អាទិត្យ​គឺ​មាន​​សារសំខាន់​សម្រាប់​សត្វ​ ​និង រុក្ខជាតិ​ ​ប៉ុន្តែ​ការ​ប្រឈម​នឹង​​កម្ដៅ​ព្រះអាទិត្យ​ដែល​​ក្ដៅ​ហួស​ប្រមាណ​ពេក​ ​វា​នឹង​បង្ក​ទៅ​ជា​មហារីក​ស្បែក​នៅ​ពេល​ខាង​មុខ​។

៣) ​គួរ​តែ​ជួប​ជា​មួយ​គ្រូពេទ្យ​ជំនាញ​ប្រចាំ​ឆ្នាំ ​​ដើម្បី​ពិនិត្យ​សុខភាព​។ ​មនុស្ស​មួយ​ចំនួន​ ​​ជា​ពិសេស​​អ្នក​នៅ​ប្រទេស​ក្រក្រី​គឺ​មិន​សូវ​ទៅ​ពិគ្រោះ ​និង ​ត្រួតពិនិត្យ​សុខ​ភាព​ជា​ប្រចាំ​នោះ​ទេ ​ជា​ហេតុ​នាំ​ឲ្យ​ជំងឺ​មួយ​ចំនួន​បាន​វិវត្ត​ទៅ​រក​​សភាព​គ្រោះ​ថ្នាក់​ដោយ​មិន​ដឹង​ខ្លួន​។ ដូច្នេះ​ហើយ ​អ្នក​គួរ​តែ​ទៅ​ពិនិត្យ​ឲ្យ​បាន​ទៀងទាត់ ​ដើម្បី​បញ្ចៀស​ការ​កើត​ជំងឺ​មហារីក​​ប្រភេទ​ណា​មួយ​។

៤) ​ត្រូវ​មាន​ការរស់នៅ​ល្អ​ ​ដើម្បី​បញ្ចៀស​​អត្រា​នៃ​ការ​កើត​ជំងឺ​មហារីក​៖ ​ការ​រស់នៅ​ល្អ​ ​គឺ​ត្រូវ​តែ​រស់នៅ​ដោយ​ ​ហូប​ស្អាត ​ផឹក​ស្អាត និង​​ រស់នៅ​ស្អាត​ ​ជា​ពិសេស​ធ្វើ​យ៉ាង​ណា​រក្សា​ទម្ងន់​ឲ្យ​​សមរម្យ​ ​ទើប​ជា​ការ​ប្រសើរ​។ ​ដូច្នេះ​ហើយ​ ការ​ហាត់ប្រាណ​ពិត​ជា​មិន​អាច​ខ្វះ​បាន​នោះ​ទេ​។

​៥) ​​បុរស​ស្ត្រី​ ​ទាំង​អស់​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ ថា​តើ​បាន​ចាក់​វ៉ាក់សាំង​ការពារ​​HPV ​(​ដែល​បង្ក​ជា​ជម្ងឺ​មហារីក​ច្រើន​ប្រភេទ​) ​និង ចាក់​វ៉ាក់សាំង​ការពារ HBV (​ដែល​បង្ក​ជា​ជម្ងឺ​មហារីក​ថ្លើម)​ហើយ​ឬ​នៅ​៕

​ប្រែ​សម្រួល៖ ​​រតនា​ ​វិចិត្រ​ ​ប្រភព៖ ​www.businessinsider.com

X
5s