ជឿទេថា៣០០ ឆ្នាំទៅមុខទៀត ជីវិតមនុស្សនៅលើភពផែនដីនឹងប្រែប្រួល ?
របាយការណ៍ដែលចេញផ្សាយដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ២០០៤ ដែលដាក់ចំណងជើងថា "ប្រជាជនពិភពលោក នៅឆ្នាំ២៣០០" បានបង្ហាញពីការប្រែប្រួលជីវិតមនុស្សនៅលើភពផែនដីគួរឱ្យកត់សម្គាល់។
មាន ៤ចំណុចដែលលោកអ្នកគួរយល់ដឹង៖
១) ចំនួនប្រជាជននឹងមានការប្រែប្រួលតិចចាប់ពីឆ្នាំ២០៥០ ដល់ឆ្នាំ២៣០០៖ ធ្លាប់មានការលើកឡើងផ្សេងៗគ្នាអំពីចំនួនប្រជាជននៅលើភពផែនដី។ ប៉ុន្តែបើតាមការព្យាករណ៍កាលពីឆ្នាំ២០០៤ ចំនួនប្រជាជនប្រហែលជាមានចំនួនប្រមាណ ៩ពាន់លាននាក់នៅរយៈពេល ៣០០ឆ្នាំទៀតនេះ។
២) ចាប់ពីខ្ទង់ឆ្នាំ២០៤០ ដល់ឆ្នាំ២៣០០៖ គិតជាមធ្យមស្ត្រីម្នាក់មានកូនប្រហែលពីរនាក់ប៉ុណ្ណោះ។
៣) ចាប់ពីឆ្នាំ១៩៥០ ដល់ឆ្នាំ២០០០ ៖ ចំនួនមនុស្សចាស់កើនឡើងច្រើន លើកលែងតែនៅទ្វីបអាហ្វ្រិកតែប៉ុណ្ណោះ។ ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ជំងឺអេដស៍ និងជំងឺមួយចំនួនទៀតបានរាតត្បាតពិភពលោកដែលធ្វើឱ្យអត្រាមរណភាពកើនឡើង។ ចំនួនក្មេងៗទើបនឹងកើតកើនឡើងកាន់តែច្រើន ដែលធ្វើឱ្យចំនួនមនុស្សចាស់ថយចុះ។ និន្នាការនេះនឹងថយចុះវិញនៅឆ្នាំ២១០០។
៤) អាយុរំពឹងរស់៖ មនុស្សនឹងរស់នៅបានអាយុវែងជាងមុន ជាពិសេសនៅរយៈពេល ៣០០ឆ្នាំខាងមុខទៀតនេះ។ ដោយគិតជាមធ្យម បូកបញ្ចូលគ្នាទាំងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ អង្គការសហប្រជាជាតិវាយតម្លៃថា ស្ត្រីអាចរស់បានអាយុ ៩៧ឆ្នាំ និងបុរសបាន ៩៥ឆ្នាំ។ នៅប្រទេសជឿនលឿន ស្ត្រី និងបុរសអាចរស់បានអាយុចន្លោះពី ៩៩ទៅ ១០២ឆ្នាំ៕
ដោយ៖ រតនៈវិភូ