អតីត​អ្នក​ដឹកនាំ​រឿង​ហូលីវូត ​លោក​ ​Scott Neeson​ដែល​ជួយ​កុមារ​កម្ពុជា​​រើស​សំរាម​នៅ​ស្ទឹងមានជ័យ​ មាន​ប្រវត្តិ​រៀន​អត់​ចប់​ថ្នាក់​វិទ្យាល័យ​



លោក Scott Neeson កើត​នៅ​ទីក្រុង Edinburgh ប្រទេស​ស្កុតឡែន​។ នៅអាយុ៥ឆ្នាំ​ លោក​និង​ក្រុម​គ្រួសារ​បាន​ផ្លាស់​ទៅ​នៅ​ប្រទេស​អូស្រ្តាលី។ Neesonបាន​ចូល​ធ្វើការ​អោយ​ក្រុមហ៊ុន​មួយ​នៅ​ទីក្រុង​ឧស្សាហកម្ម​មួយ​ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​អូស្ត្រាលី ហើយ​គាត់​មិន​បាន​រៀន​ចប់​ថ្នាក់​វិទ្យាល័យ​នោះ​ទេ។​ ការងារ​ដែល Neeson ធ្វើ​​គឺ​ផ្ដោត​ទៅ​លើ​វិស័យ​ភាពយន្ត ដោយ​ការ​ខិតខំ​ធ្វើការ Neeson បាន​ឡើង​តំណែង​ជា​នាយក​គ្រប់គ្រង​ការ​ចែកចាយ​ភាពយន្ត​របស់​ក្រុមហ៊ុន​ភាពយន្ត 20th Century Fox ​នៅ​ប្រទេស​អូស្ត្រាលី នៅ​ក្នុង​ឆ្នាំ​១៩៨៦។ នៅ​ឆ្នាំ​១៩៩៣ ការងារ​របស់​គាត់​បាន​ផ្លាស់​មក ទីក្រុង​ឡូអែនជឺលេស​​សហរដ្ឋអាមេរិក បន្ទាប់​មក​នៅ​ឆ្នាំ​២០០០ គាត់​ក៏​បាន​ក្លាយ​ជា​នាយក​របស់​ក្រុមហ៊ុន​ភាពយន្ត 20th Century Fox International។ នៅ​ក្នុង​តួនាទី​នេះ គាត់​បាន​ដឹកនាំ​ផលិត​រឿង​ល្បី​ៗ​ជា​ច្រើន​ដូចជា Titanic, Braveheart, Independence Day, X-Men និង ​Star Wars រួម​ទាំង​ខ្សែភាពយន្ត​ជាង​១០០​ផ្សេង​ទៀត​ផង​ដែរ។ នៅ​ឆ្នាំ​២០០៣ Neeson ​បាន​លាឈប់​ពី​ក្រុមហ៊ុន​ភាព​យន្ត 20th Century Fox International ដោយ​ចូល​បម្រើការ​អោយ​ក្រុមហ៊ុន​ភាពយន្ត Sony Picture Entertainment តែ​មុន​នឹង​ចូល​បម្រើ​ការ​អោយ​ក្រុមហ៊ុន​ថ្មី​នេះ Neeson ​បាន​ចំណាយ​ពេល​វិស្សមកាល​ក្នុង​ការ​សិក្សាស្រាវជ្រាវ​ខ្លី​មួយ​របស់​ខ្លួន​មក​កាន់​តំបន់​អាស៊ី។ Neeson ​បាន​មក​លេង​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ​ដោយ​បាន​មក​លេង​ប្រទេស​កម្ពុជា​ផង​ដែរ។ អ្វី​ដែល​គាត់​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នោះ គឺ​ការ​រស់​នៅ​របស់​កុមារ​កម្ពុជា​នៅ​លើ​គំនរ​សំរាម​នៅ​ស្ទឹង​មានជ័យ។ ស្ទឹង​មានជ័យ គឺ​ជា​ទីក្រុង​សំរាម ប៉ុន្តែ​វា​ជា​ផ្ទះ​សម្រាប់​កុមារ​ក្រីក្រ​ជាច្រើន ហើយ​ភាគច្រើន​ជា​កុមារ​កំព្រា​រស់​នៅ​ដោយសារ​ការ​រើស​អេតចាយ។ ស្ថានភាព​រស់​នៅ​របស់​កុមារ​ក្រីក្រ​នៅ​ស្ទឹងមានជ័យ បាន​ធ្វើ​អោយ Neeson សម្រេច​បង្កើត​មូលនិធិ​កុមារ​កម្ពុជា (Cambodian Children’s Fund) ជួយ​ដល់​កុមារ​ទាំង​នោះ។ ពេល​ត្រឡប់​ទៅ​ធ្វើការ​អោយ​ក្រុមហ៊ុន​ Sony Picture វិញ ​មិន​ដល់​មួយ​ឆ្នាំ​ផង​ Neeson ក៏​លាឈប់​នៅ​ឆ្នាំ​២០០៤ ដើម្បី​មាន​ពេល​មក​ជួយ​ដល់​កុមារ​នៅ​កម្ពុជា។ តាម​រយៈ​ការងារ​មនុស្ស​ធម៌ នៅ​ឆ្នាំ​២០០៧ Neeson ទទួល​បាន​ពានរង្វាន់ “Q Prize” ដោយ​ការ​ទទួល​ស្គាល់​ភាព​ជា​អ្នកដឹកនាំ​របស់​លោក​ក្នុង​ការ​គាំទ្រ​ ​និង ​​ឧបត្ថម្ភ​ដល់​កុមារ។​នៅ​ឆ្នាំ​ដដែល Neeson ​ទទួល​បាន​ពានរង្វាន់ Rex Foundation Bill Graham ក្នុង​ការ​ផ្ដល់​ទីកន្លែង​ស្នាក់​នៅ ការសិក្សា និង​ការ​ចិញ្ចឹម​កុមារ​នៅ​កម្ពុជា។​ នៅ​ឆ្នាំ​២០១៣ គាត់​បាន​ទទួល​ពាន​រង្វាន់​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​អូស្ត្រាលី។ នៅ​ឆ្នាំ​២០១៤ Neeson ​ទទួល​បាន​ពានរង្វាន់​មនុស្សធម៌ ​Rotary International’s The One ផង​ដែរ។ សូម​បញ្ជាក់​ថា ព្រះមហាក្សត្រ​ខ្មែរ ព្រះ​បាទ​សម្ដេច នរោត្តម ​សីហមុនី ព្រះ​ប្រទាន​សញ្ជាតិ​ខ្មែរ ជូន​ដល់ លោក Scott Neeson រួច​ហើយ បន្ទាប់​ពី​លោក បាន​ខិតខំ​ជួយកុមារ នៅ​តំបន់​ចាក់​សំរាម​ស្ទឹងមានជ័យ​ អស់​ជា​ច្រើន​ឆ្នាំ​មក។ ប្រែ​សម្រួល៖សុខា នីកា ប្រភព៖ ​www.wsj.com
X
5s