​​បើ​រាប់​​អាន​ជា​មួយ​មិត្ត​ទាំង​​ ៥ប្រភេទ​នេះ ​គឺ​ដឹង​តែ​​​ចម្រុងចម្រើន​ដល់​អ្នក​តែ​ម្ដង!​​



ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​ក្រៅ​តែ​ពី​គ្រួសារ ​​មិត្តភ័ក្ដិ​គឺ​ដើរតួ​សំខាន់​ខ្លាំង​ណាស់​​​ ​ទាំង​ការ​សិក្សា ​​និង ​ការងារ​។ ​​ដូច្នេះ​ហើយ​ប្រសិនបើ​អ្នក ​រាប់​អាន​មិត្តភ័ក្ដិ​មិន​​ល្អ ​នោះ​ក៏​​ផ្ដល់​ផល​អវិជ្ជមាន​ខ្លាំង​​សម្រាប់​ជីវិត​របស់​អ្នក​​ដែរ​។ ​ខាងក្រោម​នេះ​ ​ជា​មិត្ត​៥​ប្រភេទ​ដែល​អ្នក​មិន​ត្រូវ​មើល​រំលង​៖​​

​១) ​​មិត្តភ័ក្ដិ​ដែល​ស្មោះត្រង់៖ ​មិត្តភាព​មិន​អាច​កើត​ឡើង ​និង ​រក្សា​បាន​យូរអង្វែង​នោះ​ឡើយ​ប្រសិនបើ​ ​ភាគី​ទាំង​សងខាង​គ្មាន​ភាព​ស្មោះត្រង់​ជា​មួយ​គ្នា​។ ​នៅ​ពេល​អ្នក​អាច​ជួប​មិត្តភ័ក្ដិ​ណា​មួយ​ដែល​មាន​ចិត្ត​ស្មោះត្រង់​នោះ​​ សូម​កុំ​​មើល​រំលង​ ​ឬ ​មិន​យក​ចិត្ត​ទុកដាក់​ឲ្យ​សោះ​ ​ព្រោះ​មិន​ងាយ​រក​បាន​មនុស្ស​ប្រភេទ​នេះ​ឡើយ​។

២)​ ​​​មិត្តភ័ក្ដិ​ដែល​មិន​ប្រកាន់​មាន​ឬ​ក្រ​៖ ​ ​មនុស្ស​មួយ​ចំនួន​​គឺ​ ​​តែងតែ​ប្រកាន់​វណ្ណៈ​​ខ្លាំង​ណាស់​ ​ពោល​គឺ​គេ​រាប់​អាន​តែ​អ្នក​ដែល​មាន​ទ្រព្យសម្បត្តិ​ឬ ​វណ្ណៈ​ប្រហាក់ប្រហែល​គ្នា​នោះ​ទេ ​ដូច្នេះ​មនុស្ស​ប្រភេទ​នេះ ​អ្នក​​មិន​ងាយ​នឹង​បង្កើត​មិត្តភាព ឬ ​​រក្សា​មិត្តភាព​បាន​ឡើយ ​ហើយ​ក៏​​មិន​​បាន​ផ្ដល់​ផល​ល្អ​អ្វី​​នោះ​ដែរ​។ ​តែ​ប្រសិនបើ​អ្នក​ជួប​មនុស្ស​ដែល​ ​ផ្ដល់​តម្លៃ​​ខ្លាំង​លើ​មិត្តភាព​ជាជាង​លុយ ​​និង វណ្ណៈ​​នោះ ​វា​ជា​​រឿង​ល្អ​បំផុត​។

៣) ​​មិត្តភ័ក្ដិ​ដែល​មាន​ការ​តស៊ូ​៖ ​​មនុស្ស​ដែល​មាន​ការ​តស៊ូ​ក្នុង​ជីវិត​ខ្លាំង​នោះ ​​គឺ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​គោរព​ និង រាប់អាន​។ ​ការ​រាប់​អាន​ជា​មួយ​មនុស្ស​ប្រភេទ​នេះ ​អាច​ជួយ​ឲ្យ​អ្នក​រៀន​សូត្រ​​យ៉ាង​ច្រើន​ផង​ដែរ​ ​អំពី​ការ​តាំងចិត្ត​តស៊ូ ​និង ​ជម្នះ​រាល់​ឧបសគ្គ​ក្នុង​ជីវិត​។

៤) ​មិត្តភ័ក្ដិ​មាន​ចំណេះដឹង​​ខ្ពស់​៖ ​​​ប្រសិនបើ​អ្នក​មាន​មិត្តភ័ក្ដិ​ដែល​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់​នោះ គឺ​ជា​រឿង​ល្អ​មួយ​ ព្រោះ​ថា​​អ្នក​អាច​រៀន​សូត្រ​តាម​អ្នក​ទាំង​នោះ​ ដើម្បី​អភិវឌ្ឍ​ខ្លួន​ ​ទៅ​រក​​​ការ​សន្សំ​ចំណេះដឹង​ឲ្យ​បាន​ច្រើន​ សម្រាប់​ប្រើប្រាស់​ក្នុង​ជីវិត​។

៥) ​មិត្តភ័ក្ដិ​​ពូកែ​លើក​ទឹកចិត្ត​៖ ​ជា​ធម្មតា​ទេ ​នរណា​ក៏​ធ្លាប់​​ជួប​ការ​លំបាក​ដែរ ​ដូច្នេះ​ហើយ​វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ​​ដែល​ត្រូវ​ការ​មនុស្ស​ដើម្បី​លើក​ទឹកចិត្ត​។ ការ​ជួយ​លើក​ទឹកចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន​ ​ជា​ពិសេស​ពី​មិត្តភ័ក្ដិ​នោះ ​គឺ​កាន់​តែ​ប្រសើរ​៕

​ដោយ​៖ ​អ៊ុន ​ភក្តី

X
5s