​​​ចិន​បង្ហាញ​ពី​ក្ដី​បារម្ភ​ ​ជុំវិញ​​គម្រោង​សាកល្បង​មីស៊ីល​របស់​កូរ៉េខាងជើង ​ខណៈ​ជប៉ុន​ត្រៀម​បាញ់​ទម្លាក់​​



ចិន​ដែល​ជា​មិត្ត​ស្និត​ជា​មួយ​​កូរ៉េខាងជើង​ កាល​ពី​ថ្ងៃ​ពុធ​​​​ក៏​​បាន​បង្ហាញ​ពី​ក្ដី​​បារម្ភ​របស់​ខ្លួន ​ជុំវិញ​គម្រោង​បាញ់​សាកល្បង​មីស៊ីល​របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​នៅ​ពេល​មុខ​។ ​​​ការ​បង្ហាញ​ក្ដី​បារម្ភ​នេះ ​គឺ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល ​​​​​ប្រទេស​កូរ៉េខាងជើង​កាល​ពី​ថ្ងៃ​អង្គារ​បាន​ប្រកាស​ប្រាប់​ពិភពលោក​ថា ខ្លួន​គ្រោង​នឹង​បាញ់​​សាកល្បង​មីស៊ីល​របស់​ខ្លួន ​​នៅ​ចន្លោះ​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​​២៥ ​ខែ​កុម្ភៈ​ខាង​​មុខ​នេះ​។ ​សហរដ្ឋអាមេរិក ​កូរ៉េខាងត្បូង ​​និង​ ជប៉ុន ​ក៏​ដូច​ជា​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​សុទ្ធតែ​បង្ហាញ​ការ​មិន​គាំ​ទ្រ​ចំពោះ​គម្រោង​សាកល្បង​របស់​កូរ៉េខាងជើង។ ​ក្នុង​នោះ​ដែរ ​ប្រទេស​ជប៉ុន​​បាន​ប្រកាស​ថា ​ខ្លួន​នឹង​បាញ់​ទម្លាក់​​មីស៊ីល​ណា​ក៏​ដោយ ​​ឲ្យ​តែ​ហោះ​ចូល​ក្នុង​ដែន​អធិបតេយ្យ​ភាព​របស់​ខ្លួន​។​ ​គម្រោង​បាញ់​សាកល្បង​​មីស៊ីល​របស់​កូរ៉េខាងជើង​នេះ ​គឺ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​​កាន់​តែ​​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​​​ក្រុង​ប៉េកាំង ​និង ក្រុង​ព្យុងយ៉ាង​មាន​ភាព​រកាំរកូស​ជា​មួយ​គ្នា​កាន់​តែ​ខ្លាំង​ឡើង​។ ​សូម​បញ្ជាក់​ថា ​​ប្រទេស​ចិន​ជា​ ​មិត្ត​ដ៏​សំខាន់​មួយ​របស់​​កូរ៉េខាងជើង​ ព្រោះ​​ថា​ប្រទេស​ឯកោ​មួយ​នេះ ​មិន​មាន​ទំនាក់ទំនង​ច្រើន​ជា​មួយ​ប្រទេស​ផ្សេងៗ​ក្នុង​ពិភពលោក​នោះ​ទេ​៕ ​ដោយ​៖ ​អ៊ុន ​ភក្តី​
X
5s