កូរ៉េខាងជើង​បាញ់​បង្ហោះ​មីស៊ីល​​ចម្ងាយ​វែង​ព្រឹក​នេះ​​ តើ​​វា​មាន​អនុភាព​ប៉ុណ្ណា?​



កូរ៉េខាងជើង​ បាន​បាញ់​បង្ហោះ​​មីស៊ីល​ចម្ងាយ​វែង​​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​​ នេះ​បើ​យោង​តាម​ការ​អះអាង​ពី​​មន្ត្រី​ក្រសួង​ការពារ​ជាតិ​កូរ៉េខាងត្បូង​អះអាង​​នៅ​ថ្ងៃ​អាទិត្យ​នេះ។ ​សកម្មភាព​នេះ​ត្រូវ​បាន​កូរ៉េខាងត្បូង​ ​និង​សហរដ្ឋ​អាមេរិក​ថ្កោល​​ទោស​​ដោយ​អះអាង​ថា​ «ជា​អំពើ​បង្ក​អស្ថិរភាព​ និង​បង្ក​បញ្ហា»។ ​តើ​មីស៊ីល​ថ្មី​នេះ​មាន​កម្រិត​​ប៉ុណ្ណា? តាម​រយៈ​មីស៊ីល​​ថ្មី​នេះ​ កូរ៉េខាងជើង​អះអាង​ថា​ ជា​ការ​បាញ់​​បង្ហោះ​ផ្កាយ​រណប​មួយ​ទៅ​ក្នុង​គន្លង​​​អវកាស ក៏​ប៉ុន្តែ​សហរដ្ឋ​អាមេរិក​ និង​កូរ៉េខាងត្បូង​​​វាយ​តម្លៃ​ថា​ នេះ​ជា​សញ្ញា​ឈាន​មុខ​មួយ​នៃ​ការ​​សាកល្បង​​មីស៊ីល​អន្តរទ្វីប​ ខណៈ​ដែល​ខែ​មុន​​កូរ៉េខាងជើង​ទើប​នឹង​សាកល្បង​គ្រាប់​បែក​អ៊ីដ្រូហ្ស៊ែន​បាន​ដោយ​ជោគជ័យ។ ទោះ​ជា​បែប​នេះ​ក្ដី​ សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​ថា​ ​រ៉ុកកែត​នោះ​​គឺ​ហោះ​បាន​ចំគន្លង​របស់​វា​ដែល​មិន​បង្ក​ការ​គម្រាម​កំហែង​ដល់​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធមិត្ត​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ សហរដ្ឋ​អាមេរិក​ ជប៉ុន​ ​និង​កូរ៉េខាងត្បូង​​ បាន​​អំពាវនាវ​​ដល់​​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ឱ្យ​​មាន​កិច្ច​​ប្រជុំ​បន្ទាន់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​​បាញ់​មីស៊ីល​នេះ៕​ ដោយ៖ រតនៈវិភូ​​​
X
5s