អង្គការសហប្រជាជាតិ ត្រៀមខ្លួនជាស្រេច ដើម្បីដាក់ទណ្ឌកម្មកូរ៉េខាងជើងជាថ្មី
ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ នឹងដាក់ចេញសេចក្ដីសម្រេចនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ក្រោយពេលបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយកាលពីម្សិលមិញ។ នេះបើយោងតាម លោក Rafael Ramirez ប្រធានក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិប្រចាំខែកុម្ភៈ។
ការបាញ់សាកល្បងរបស់កូរ៉េខាងជើងនេះ គឺធ្វើឡើងបានមួយខែប៉ុណ្ណោះក្រោយពេលរដ្ឋាភិបាលក្រុងព្យុងយ៉ាង បានបាញ់សាកល្បងគ្រាប់បែកអ៊ីដ្រូហ្សែនយ៉ាងជោគជ័យ។ ដូច្នេះហើយ សកម្មភាពគឃ្លើនផ្ទួនៗគ្នាបែបនេះ ពិតជាត្រូវបង្ខំឲ្យក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មជាថ្មីទៀត។
មួយវិញទៀត សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូងកំពុងពិភាក្សាគ្នា អំពីការដំឡើងប្រព័ន្ធការពារមីស៊ីលនៅក្បែរព្រំដែនប្រទេសកូរ៉េខាងជើង ដើម្បីការពារក្រែងមានការវាយប្រហារណាមួយ។
សូមបញ្ជាក់ថា កូរ៉េខាងជើងធ្លាប់រងការដាក់ទណ្ឌកម្មជាច្រើនលើកច្រើនសាមកហើយ ប៉ុន្តែប្រទេសមួយនេះនៅតែ មិនព្រមបញ្ឈប់សកម្មភាពនុយក្លេអ៊ែររបស់ខ្លួននោះឡើយ។ កន្លងមកចិន តែងតែការពារប្រទេសមួយនេះជានិច្ច ប៉ុន្តែមួយរយៈចុងក្រោយនេះ រដ្ឋាភិបាលក្រុងប៉េកាំងហាក់ដូចជាមិនសូវសប្បាយចិត្តជាមួយកូរ៉េខាងជើងនោះទេ៕
ដោយ៖ អ៊ុន ភក្តី