រូបមួយសន្លឹកនេះបង្ហាញថា កូរ៉េខាងជើងពិតជាគំរាមកំហែងដល់សហរដ្ឋអាមេរិក
បន្ទាប់ពីបានធ្វើតេស្តគ្រាប់បែកអ៊ីដ្រូហ្សែនបានដោយជោគជ័យ កាលពីថ្ងៃអាទិត្យកន្លងទៅកូរ៉េខាងជើងបានសាកល្បងមីស៊ីលបាញ់នាំផ្លូវដោយរ៉ុកកែតចម្ងាយឆ្ងាយដែលប្រើបច្ចេកវិទ្យាខ្ពស់ដែលកូរ៉េខាងជើងអះអាងថា នេះជាការចាប់ផ្ដើមកម្មវិធីអវកាសរបស់ខ្លួនថ្មីមួយ។
ទោះជាបែបនេះក្ដី ក្រុមអ្នកវិភាគបានមើលឃើញថា មីស៊ីលថ្មីនេះគឺពិតជាមានទំនាក់ទំនងទៅនឹងគ្រាប់បែកអ៊ីដ្រូសែន ពោលគឺជាការបោះជំហានថ្មីមួយក្នុងបច្ចេកវិទ្យាចម្ងាយវែងបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។
រឿងដែលគួរឱ្យព្រួយបារម្ភសម្រាប់សហរដ្ឋអាមេរិកគឺ៖
១) មីស៊ីលខ្លាំងបំផុតរបស់កូរ៉េខាងជើងមានចម្ងាយប្រតិបត្តិការ ១ម៉ឺនគីឡូម៉ែត្រ៖ ច្បាស់ណាស់ថា មីស៊ីលនេះអាចបាញ់ដល់ទឹកដីមួយភាគធំរបស់សហរដ្ឋអាមេរិក។
២) កាលពីមុន កូរ៉េខាងជើងត្រូវការពេលវេលាច្រើនថ្ងៃដើម្បីរៀបចំ ដំឡើង និងដឹកមីស៊ីលសម្រាប់ការសាកល្បងដែលធ្វើឱ្យសហរដ្ឋអាមេរិក និងប្រទេសជិតខាងដឹងមុនដើម្បីត្រៀមទប់ទល់។ ប៉ុន្តែការបាញ់សាកល្បងមីស៊ីលចុងក្រោយនេះ កូរ៉េខាងជើងត្រូវការពេលតែមួយថ្ងៃប៉ុណ្ណោះ ហើយការសាកល្បងទទួលបានជោគជ័យទៀត។ ដូច្នេះបើសិនកូរ៉េខាងជើងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរត្រឹមតែគ្រាប់តូចមួយ ក៏អាចបំផ្លាញទីក្រុងអាមេរិកបានមិនតិចដែរ ប្រសិនបើថ្លោះធ្លោយប្រការណាមួយនោះ។
ចុះអាមេរិកទប់ទល់តាមវិធីណា?
សហរដ្ឋអាមេរិកបានព្រមព្រៀងដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល THAAD នៅកូរ៉េខាងត្បូងក្នុងគោលដៅការងារសម្ព័ន្ធមិត្តរបស់ខ្លួនផង និងងាយនឹងកម្ទេចមីស៊ីលកូរ៉េខាងជើងដែលមានគោលដៅបំផ្លាញខ្លួនផង។ ប្រព័ន្ធប្រឆាំងមីស៊ីលនេះអាចបង្វែរមីស៊ីលរបស់សត្រូវបាន ហើយដោយសង្ឃឹមថាអាចទប់ទល់មីស៊ីលរបស់កូរ៉េខាងជើងគ្រប់ប្រភេទចម្ងាយបាន។ ទោះជាយ៉ាង ការដាក់ពង្រាយប្រព័ន្ធមីស៊ីលស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំជាមួយកូរ៉េខាងត្បូងកាលពីខែតុលា កន្លងទៅពោលគឺមិនទាន់សម្រេចបាន ១០០%នៅឡើយទេ៕
ដោយ៖ រតនៈវិភូ