ហេតុអ្វីបានជាកូរ៉េខាងជើងកាត់ទោសប្រហារជីវិតមន្ត្រីជាន់ខ្ពស់ក្រោយសាកល្បងរ៉ុកកែតចម្ងាយវែង?
កូរ៉េខាងជើងបានកាត់ទោសប្រហារជីវិតមន្ត្រីជាន់ខ្ពស់ម្នាក់ដែលទទួលបន្ទុកកិច្ចការបុគ្គលិក លោក Ri Yong Gil នេះបើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap។ បើសិនជាការពិតមែន នេះជាករណីថ្មីបំផុតនៅឆ្នាំនេះ ហើយមានរយៈពេលតែមួយអាទិត្យប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានសាកល្បងរ៉ុកកែតចម្ងាយឆ្ងាយ។
បើយោងតាមប្រភពព័ត៌មានដដែល និងតាមបណ្ដាញផ្សព្វផ្សាយព័ត៌មានរបស់កូរ៉េខាងត្បូងមួយចំនួនបានឱ្យដឹងថា លោក រី ដែលជាប្រធានអគ្គនាយកដ្ឋានបុគ្គលិករបស់កងទ័ពប្រជាជនកូរ៉េខាងជើង ត្រូវបានប្រហារជីវិតដោយជាប់បទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយ និងការបែកធ្លាយព័ត៌មានសម្ងាត់របស់កូរ៉េខាងជើង។
ការកាត់ទោសមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង គឺជារឿងកម្រ។ គេនៅចាំបានថា កាលពីឆ្នាំ២០១៣ បុរសខ្លាំងគីមជុងអ៊ុនបានកាត់ទោសប្រហារជីវិតមារបស់ខ្លួនគឺលោក Jang Song Thaek ដែលជាមនុស្សមានអំណាចទីពីរនៅកូរ៉េខាងជើង។ លោកត្រូវបានប្រហារជីវិតក្នុងរឿងពុករលួយដែរ៕
ដោយ៖ រតនៈវិភូ