ត្រូវសួរខ្លួនឯង៦សំនួរនេះសិន មុនសម្រេចចិត្តរើសមុខជំនាញនៅមហាវិទ្យាល័យ ដើម្បីកុំឲ្យស្ដាយក្រោយ
ការរើសមុខជំនាញសិក្សាគឺជារឿងដ៏សំខាន់បំផុតសម្រាប់សិស្សគ្រប់គ្នា តែមាននិស្សិតជាច្រើនដែលមានបញ្ហាជាមួយនឹងការសិក្សារបស់ខ្លួនដោយមិនដឹងថា គួររៀនមុខជំនាញណានៅពេលដែលដល់ពេលត្រូវចូលរៀនមហាវិទ្យាល័យ។ បន្ទាប់ពីអាចឆ្លើយសំនួរទាំង៦នេះហើយអ្នកប្រហែលជាអស់បញ្ហាក្នុងការជ្រើសរើសទៀតហើយ។
១) ហេតុអ្វីបានជាអ្នកចង់រៀនមុខជំនាញនេះ៖ ប្រហែលជាអ្នកត្រូវបានជំរុញឲ្យជ្រើសរើសមុខជំនាញនេះមុខជំនាញនោះពីអ្នកផ្ទះអ្នក ឬអ្នករើសទៅតាមកាលៈទេសៈរបស់សង្គម ឬក៏អ្នករើសតាមមិត្តភ័ក្ដិរបស់អ្នក តែមិនថាមូលហេតុយ៉ាងណាក៏ដោយអ្នកត្រូវតែគិតផងថាអ្នកចូលចិត្តជំនាញនោះដែរឬទេ។
២) តើអ្នកមានចំណេះដឹងច្រើនពីជំនាញមួយនេះទេ៖ ពេលខ្លះទាល់តែអ្នកសាករៀនវាទើបអ្នកដឹងថាអ្នកទទួលយកចំណេះដឹង និងយល់ពីវាបានច្រើន។ តែពេលខ្លះបើសិនជាអ្នកធ្លាប់បានទទួលយកចំណេះដឹងខ្លះៗពីជំនាញនេះ វាធ្វើឲ្យអ្នករឹតតែជឿជាក់លើខ្លួនឯង និងមានគ្រឹះរឹងមាំផងដែរ។
៣) តើមានតម្រូវការអ្វីខ្លះសម្រាប់មុខវិជ្ជាមួយនេះ៖ អ្នកប្រហែលជាគិតថាមុខជំនាញខ្លះមានភាពងាយស្រួលហើយសប្បាយតែដល់ពេលដែលអ្នកទៅរៀនផ្ទាល់ទើបអ្នកដឹងថាវាមានភាពលំបាកជូរចត់យ៉ាងណា។ ដូចនេះអ្នកគួរតែស៊ើបថាអ្នកតម្រូវឲ្យធ្វើឬមានអ្វីខ្លះសម្រាប់មុខវិជ្ជាមួយនេះ។
៤) តើមានឱកាសការងារបែបណាខ្លះចំពោះជំនាញមួយនេះ៖ អ្នកគួរតែពិចារណាផងដែរទៅលើស្ថានភាពសង្គមរបស់អ្នកដែរ ព្រោះពេលខ្លះមុខជំនាញដែលអ្នកចូលចិត្តនោះមិនសូវមានទីផ្សារការងារនោះទេ។
៥) តើអ្នកធ្លាប់សិក្សាពីអ្នកដែលធ្លាប់បានរៀនមុខជំនាញនេះឬនៅ៖ អ្នកទៅពិភាក្សាជាមួយមនុស្សរឹតតែច្រើនរឹតតែល្អ ព្រោះថាអ្នកទាំងអស់នោះសុទ្ធតែធ្លាប់មានបទពិសោធន៍ជាមួយនឹងជំនាញមួយនេះ។
៦) តើវាជាពេលវេលាមួយសាកសមដែរឬទេ៖ ពិនិត្យមើលស្ថានភាពគ្រួសារអ្នកជាពិសេសគឺស្ថានភាពហិរញ្ញវត្ថុថាតើគ្រួសារអ្នកអាចផ្គត់ផ្គង់ឲ្យអ្នករៀនជំនាញនោះទេ។ បើមានការជំទាស់ពីគ្រួសារ អ្នកគួរតែរកអាហារូបករណ៍សម្រាប់មុខជំនាញមួយនោះដើម្បីសម្រេចក្ដីសុបិនរបស់អ្នក៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.usnews.com