ទង្វើខ្លះៗ ១៤ ចំណុចរបស់បុគ្គលិកដែលធ្វើឲ្យចៅហ្វាយពិបាកដំឡើងដំណែងឲ្យ
នៅពេលចាប់ផ្ដើមចូលធ្វើការនៅថ្ងៃដំបូង អ្នកប្រហែលជាត្រូវរៀបចំខ្លួនឲ្យបានស្អាត ហើយត្រូវរួសរាន់មកធ្វើការឲ្យទាន់ពេលវេលា ដែលមើលទៅប្រៀបបានដូចជាបុគ្គលិកដ៏សកម្មម្នាក់។ ច្រើនខែកន្លងផុតទៅ អ្នកក៏ចាប់ផ្តើមស្គាល់ចិត្តមេ ស្គាល់ចិត្តអ្នករួមការងារ ហើយក៏ចាប់ផ្ដើមបញ្ចេញទម្លាប់អាក្រក់មិនល្អរបស់អ្នកបន្តិចម្តងៗចេញមក។ ទម្លាប់មិនល្អទាំងនោះ មើលទៅវាហាក់បីដូចជាមិនធ្ងន់ធ្ងរប៉ុន្មាននោះទេ ប៉ុន្តែវាបានប៉ះពាល់ដល់អនាគតការងាររបស់អ្នក។
ឥឡូវនេះអ្នកអាចពិនិត្យមើលទម្លាប់មិនល្អមួយចំនួនរបស់បុគ្គលិកនៅកន្លែងការងារ ហើយយកទៅប្រៀបធៀបទៅមើល៍ថា តើអ្នកមានចំណុចណាមួយខាងក្រោមនេះដែរឬទេ។
១.មកធ្វើការយឺតរហូត
ការមកធ្វើការយឺតមិនទាន់ម៉ោងបង្ហាញថាអ្នកបុគ្គលិកខ្វះវិជ្ជាជីវៈនិងមិនគោរពពេលវេលា។
២.ទម្លាប់មកប្រជុំយឺតជានិច្ចយ៉ាងហោចណាស់ ១០ នាទី
ការបង្ហាញវត្តមាននៅក្នុងប្រជុំក្រោយគេបានបង្ហាញថា អ្នកមិនត្រឹមតែមិនគោរពក្រុមការងារដែលមកចូលរួមប្រជុំទាន់ពេលប៉ុណ្ណោះទេថែមទាំង ធ្វើឲ្យបរិយាកាសនៅក្នុងកិច្ចប្រជុំគ្មានរបៀបរៀបរយ រញ៉េរញ៉ៃ មានការរំខាន និងមានអំនួត។
៣.មានគំនិតអវិជ្ជមាន
គំនិតអវិជ្ជមានរបស់អ្នកនឹងបង្ហាញថា អ្នកជាបុគ្គលិកមានភាពទុទ្ទិដ្ឋិនិយម ខ្វះការសហការ គ្មានភាពជឿជាក់ និងគ្មានការប្តេជ្ញាចិត្ត។ នេះជំរុញឲ្យបរិយាកាសទំនាក់ទំនងជាមួយក្រុមការងារប្រព្រឹត្តិទៅមិនរលូន និងពោរពេញដោយភាពខ្វែងគំនិតគ្នា។
៤.និយាយរឿងប្រាសចាកប្រធានបទការងារច្រើនពេក
ការលើកយកបញ្ហាផ្ទាល់ខ្លួន រឿងអ្នកដទៃ ឬបញ្ហាផ្សេងៗ មកលាយឡំនឹងការងារច្រើនជ្រុលប្រាសចាកពីប្រធានបទការងារ មិនបង្ហាញថា អ្នកជាបុគ្គលិកយកចិត្តទុកដាក់ការងារឡើយ។ មិនតែប៉ុណ្ណោះវាបង្ហាញថា អ្នកជាបុគ្គលិកខ្វះវិន័យ និងគ្មានអារម្មណ៍ឯករាជ្យនៅកន្លែងការងារ។
៥.Dramaច្រើនពេកនៅលើបណ្ដាញសង្គម
ការលើកយករឿងរ៉ាវផ្ទាល់ខ្លួនផុសបង្ហាញអារម្មណ៍មិនល្អទៅនឹងបញ្ហាស្នេហា ការងារ ឬអ្នកណាម្នាក់ដូចជា ចៅហ្វាយនាយ អ្នករួមការងារ មិត្តភក្តិ អតិថិជន ឬក្រុមហ៊ុន មិនបានឆ្លុះបញ្ចាំងភាពជាបុគ្គលិកមានភាពចាស់ទុំ សុជីវធម៌ខ្ពស់ និងមានភាពទន់ជ្រាយ។
៦.ប្រើប្រាស់បណ្តាញសង្គមគ្រប់ពេល
បើទោះបីជាអ្នកមិនបានសរសេរអ្វីដែលប្រមាថមើលងាយ ឬ វាយប្រហារអ្នកណាម្នាក់នៅលើបណ្តាញសង្គមក៏ដោយ ក៏ចៅហ្វាយមើលមកអ្នកថា អ្នកជាបុគ្គលិកមិនសូវផ្តោតសំខាន់លើការងារដែរ និងភាពខ្ជះខ្ជាយច្រើនពេក។
៧.មានចម្ងល់ច្រើនហួសហេតុលើការងារ
គ្រាន់តែការងារមួយប៉ុណ្ណោះ ប៉ុន្តែអ្នកមានចម្ងល់រាប់មិនអស់។ នេះបង្ហាញថា វាមិនមែនជាចម្ងល់ដើម្បីសួរចង់ឲ្យការងារនោះបញ្ចប់ទៅដោយរលូននោះទេ ផ្ទុយទៅវិញ វាគ្រាន់តែជាសំនួរគួរឲ្យធុញទ្រាន់ និងបង្ហាញថា អ្នកចង់យកលេសមិនចូលចិត្តធ្វើការងារនោះតែប៉ុណ្ណោះ។
៨.គ្មានរបៀបរៀបរយ
ទាំងនៅលើតុធ្វើការ ទាំងនៅកន្លែងសម្រាក ទាំងនៅកន្លែងទទួលទានអាហារ ប្រសិនបើរបស់របរផ្សេងៗមិនត្រូវបានរៀបចំឲ្យបានត្រឹមត្រូវដូចជា ការរៀបចំទុកដាក់ឯកសារ ឬសម្ភារៈការងារជាដើមនោះបង្ហាញថា អ្នកជាបុគ្គលិកខ្ជិលច្រអូស និងគ្មានសណ្ដាប់ធ្នាប់។
៩.យកលេសឈប់ ឬមកយឺតព្រោះមិនចង់ធ្វើការ
នៅពេលអ្នកសង្កេតឃើញថា អ្នកឧស្សាហ៍សុំច្បាប់ពីការងារ ឬសុំយឺតដោយសារតែយកលេសឲ្យខ្លួនឯងដូចជា គេងជ្រុល ខ្ជិល ធ្វើជាឈឺជាដើម នោះរឿងឡើងតំណែងប្រហែលជានៅឆ្ងាយពីដៃអ្នកបន្តិចហើយ។
១០.លួចម៉ោងការងារធ្វើការងារក្រៅ
ការយកពេលវេលាក្រុមហ៊ុនទៅធ្វើការងាររកស៊ីផ្ទាល់ខ្លួនមិនបង្ហាញភាពជាបុគ្គលិកល្អសម្រាប់ក្រុមហ៊ុនឡើយ។ នៅកន្លែងការងារទាំងអស់គឺមិនអនុញ្ញាតឲ្យអ្នកធ្វើបែបនេះឡើយព្រោះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រសិទ្ធភាពការងារបើទោះបីជាអ្នកមិនមានអ្វីត្រូវធ្វើនៅក្នុងក្រុមហ៊ុនក៏ដោយ។
១១.រំខាននៅពេលប្រជុំ
ការប្រើប្រាស់បណ្ដាញសង្គម អ៊ីមែល និយាយទូរស័ព្ទ ឬ ធ្វើសកម្មភាពផ្សេងៗទៀតដែលមិនទាក់ទងនឹងការងារប្រជុំដែលកំពុងចាប់ផ្តើម វាបានបង្ហាញថា អ្នកខ្វះសុជីវធម៌ មិនគោរពអ្នករួមការងារ និងមិនយកចិត្តទុកដាក់ការងារ។
១២.ឧស្សាហ៍និយាយទូរស័ព្ទយូរៗនៅពេលកំពុងធ្វើការ
ការទទួល ឬហៅទូរស័ព្ទទៅកាន់មិត្ត ភក្តិ គ្រួសារ អ្នកផ្សេងទៀតនៅពេលកំពុងធ្វើ មិនបានបង្ហាញពីភាពគោរពវិន័យទៅនឹងគោលការណ៍របស់ក្រុមហ៊ុននោះទេ។
១៣.និយាយខ្លាំងៗនៅកន្លែងការងារ
នៅកន្លែងការងារមិនមែនជាក្លឹបកម្សាន្ត កន្លែងញាំអាហារ កន្លែងជួបជុំគ្នាពិភាក្សារឿងប៉ប៉ាច់ប៉ប៉ោចនោះឡើយ។ ដូច្នេះអ្នកត្រូវប្រាកដថា អ្នកអាចរក្សាបានភាពស្ងៀមស្ងាត់នៅក្នុងកម្រិតមួយសម្រាប់ទំនាក់ទំនងក្នុងការងារ។
១៤.ឆែកស្វែងរកការងារថ្មីធ្វើនៅពេលកំពុងធ្វើការ
នេះជាចំណុចអវិជ្ជមានមួយទៀតដែលអ្នកមិនគួរធ្វើនៅកន្លែងការងារនោះឡើយ។ ចំណុចនេះធ្វើឲ្យចៅហ្វាយរបស់អ្នកមានភាពថ្នាំងថ្នាក់ ខ្វះភាពជឿជាក់ បាត់បង់ទំនុកចិត្ត និងបាត់បង់ការទទួលខុសត្រូវលើការងារ៕
ប្រភព៖ Businessinsider