រុស្ស៊ីចង់បើកការហោះហើរលើដែនដីអាមេរិកដោយប្រើកាមេរ៉ា ឌីជីថលទំនើបថតទិន្នន័យ
រុស្ស៊ីនឹងសុំការអនុញ្ញាតពីសហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះដើម្បីចាប់ផ្ដើមហោះហើរយន្តហោះស៊ើបអង្កេតដែលបំពាក់ជាមួយកាមេរ៉ាឌីជីថលបច្ចេកវិទ្យាខ្ពស់ ស្របពេលដែលមានការព្រមានពីមន្ត្រីអាមេរិកថា ការបើកហោះហើរនេះគឺដើម្បីប្រមូលទិន្នន័យនៅសហរដ្ឋអាមេរិកផ្ដល់ដល់ទីក្រុងម៊ូស្គូ។
សូមបញ្ជាក់ថា រុស្ស៊ី និងសហរដ្ឋអាមេរិកគឺជាភាគីហត្ថលេខីនៃសន្ធិសញ្ញាបើកចំហរជើងមេឃ (Open Skies Treaty) ដែលអនុញ្ញាតឱ្យមានការហោះហើរយន្តហោះប្រភេទស៊ើបអង្កេតគ្មានបំពាក់អាវុធនៅទូទាំងដែនអធិបតីភាពនៃប្រទេសចំនួន ៣៤ជាសមាជិកដើម្បីជំរុញតម្លាភាពនៃសកម្មភាពយោធា និងជំរុញការតាមដានសព្វាវុធ និងកិច្ចព្រមព្រៀងផ្សេងៗ។
យោងតាមមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកម្នាក់បានលើកឡើងថា រុស្ស៊ីនឹងស្នើសុំជាផ្លូវការទៅកាន់គណៈកម្មការផ្ដល់កិច្ចប្រឹក្សានៃគោលនយោបាយបើកចំហជើងមេឃមានមូលដ្ឋាននៅទីក្រុង Vienna ចំពោះការបើកហោះហើរយន្តហោះស៊ើបអង្កេតនេះ។
ទោះជាយ៉ាងណា មន្ត្រីសហរដ្ឋអាមេរិកបានលើកឡើងថា យន្តហោះរុស្ស៊ីមិនទាន់អាចហោះហើរបានភ្លាមៗនៅលើទឹកដីសហរដ្ឋអាមេរិកនោះទេ ព្រោះថាបើតាមសន្ធិសញ្ញានោះ គឺត្រូវរង់ចាំនូវការជូនព័ត៌មានជាមុនយ៉ាងហោចណាស់ ១២០ថ្ងៃដែរ ទើបអាចហោះហើរបាន៕
ដោយ៖ រតនៈវិភូ