ខេត្តព្រះសីហនុ​ទទួល​បាន​គម្រោង​វិនិយោគ​ចំនួន​៥​ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង​៥រយ​លាន​ដុល្លារអាមេរិក​ព្រះ​សីហនុ​គឺ​ជា​ខេត្ត​មួយ​ដែល​មាន​សក្កានុពល​ខ្ពស់​ក្នុង​វិស័យ​ទេសចរណ៍​ និង​លើ​គម្រោង​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​ពាណិជ្ជកម្ម​ផ្សេងៗ​ ហើយ​នា​កំឡុង​ដើម​ខែ​មិថុនា​នេះ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បង្ហាញ​នូវ​គម្រោង​វិនិយោគ​ចំនួន​៥​ដែល​មាន​ទុន​វិនិយោគ​រហូត​ដល់​ ៥០៤,៥ លាន​ដុល្លារ​អាមេរិក ព្រម​ទាំង​អាច​ផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ​បាន​ចំនួន​ ១ ១២៧៧ កន្លែង។ ក្រុមហ៊ុន​វិនិយោគ​ទាំង​នោះ​រួម​មាន៖

ក្រុមហ៊ុន​ “ZHI XU INVESTMENT CO., LTD.” គម្រោង​សាងសង់​និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥ ​ចំនួន​១៩៣​បន្ទប់ ដែល​មាន​ទីតាំង​វិនិយោគ ស្ថិត​នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ៦២,៨​លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៨៣៩កន្លែង។

ក្រុមហ៊ុន “ZHI XIN INVESTMENT CO., LTD.” គម្រោងសាងសង់ និងអាជីវកម្ម​សណ្ឋាគារ​ថ្នាក់ផ្កាយ៤ ចំនួន​៣២៤​បន្ទប់ និង​មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែល​មាន​ទីតាំង​វិនិយោគ ស្ថិត​នៅភូមិ១ សង្កាត់លេខ៣ ក្រុង​ព្រះសីហនុ ខេត្តព្រះសីហនុ មាន​​ ១១១,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤.៩៦០កន្លែង។

ក្រុមហ៊ុន “PRINCE TIAN XI WAN CO., LTD.” គម្រោង​សាងសង់ និងអាជីវកម្មសណ្ឋាគារ​ថ្នាក់ផ្កាយ៥ ចំនួន​៣៩៣​បន្ទប់ និង​មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣០៤,៩លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៤.៨៦០​កន្លែង។

ក្រុមហ៊ុន “MIKOL STONE CO., LTD.” គណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចុះបញ្ជី​គម្រោង​វិនិយោគ​នេះ​នៅ ក.អ.ក តែ​ពុំ​មាន​ការ​លើក​ទឹកចិត្ត ជូន​ដល់ក្រុមហ៊ុន​ខាងលើ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិស្ទឹង​ច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២,៩លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២៥៧កន្លែង។

ក្រុមហ៊ុន “VENICE HOLIDAY HOTEL CO., LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន​២៥០បន្ទប់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន ២២,៥លាន​ដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣៦១កន្លែង៕

ដោយ៖ ជួប ស្រីរ័ត្ន