រឿងទាំង៥យ៉ាងដែលបុគ្គលិកចង់ឮពីចៅហ្វាយនាយរបស់ខ្លួន
មានបុគ្គលិកជាច្រើនបានរអ៊ូរទាំថាចៅហ្វាយនាយរបស់ពួកគេមិនទាំងចំណាំពួកគេផង ហើយមានបុគ្គលិកខ្លះទៀតបាននិយាយថាចៅហ្វាយនាយរបស់ពួកគេមិនដែលនិយាយជាមួយគេសោះឡើយ។ ទាំងនេះហើយជាមូលហេតុដែលធ្វើឲ្យបរិយាកាសនៅកន្លែងធ្វើការមិនសូវជាមានភាពរីករាយ។ ខាងក្រោមនេះជាចំណុចទាំង៦ដែលអ្នកគួរតែនិយាយជាមួយបុគ្គលិករបស់អ្នកដើម្បីបង្កើតនូវភាពស្និទ្ធស្នាលនិងដើម្បីភាពជោគជ័យរបស់ក្រុមហ៊ុនអ្នក៖
១) ខ្ញុំសូមសរសើរស្នាដៃនិងការចូលរួមចំណែករបស់អ្នក៖ មិនថាបុគ្គលិករបស់អ្នកបានចូលរួមចំណែកតិចឬច្រើនយ៉ាងណាក៏ដោយ អ្នកគួរតែឆ្លៀតពេលសរសើរពួកគេតាមរយៈវិធីផ្សេងៗ ហើយធ្វើឲ្យពួកគេយល់ថាពួកគេក៏ជាបុគ្គលិកសំខាន់ម្នាក់នៅក្នុងក្រុមហ៊ុនដែរ ដែលនេះជាការលើកទឹកចិត្តមួយដល់ពួកគេ។
២) ខ្ញុំសូមអរគុណ (ជាលក្ខណៈផ្ទាល់ខ្លួន ឬជាសាធារណៈ)៖ មិនថានៅកន្លែងចតឡាន នៅក្នុងជណ្ដើរយន្ត ឬនៅហាងកាហ្វេក៏ដោយ អ្នកគួរតែធ្វើខ្លួនធម្មតាជាមួយបុគ្គលិករបស់អ្នក។ នៅពេលដែលពួកគេជួយអ្នករឿងអ្វីមួយ អ្នកត្រូវតែអរគុណពួកគេមិនថាជាលក្ខណៈផ្ទាល់ខ្លួន ឬជាសាធារណៈ។
៣) តើអ្នកយល់យ៉ាងណាដែរ?៖ សួរសំនួរពួកគេនៅពេលដែលកំពុងធ្វើការងារដូចជា តើអ្នកគិតយ៉ាងណាដែរ? តើអ្នកគិតថាយើងគួរធ្វើយ៉ាងណាដែរដើម្បីឲ្យក្រុមហ៊ុនយើងរឹតតែមានភាពជឿនលឿនជាងមុន? តើអ្នកចង់ផ្លាស់ប្ដូរអ្វីខ្លះនៅក្នុងក្រុមហ៊ុនយើង។
៤) «ខ្ញុំមានមតិខ្លះចង់ចែករំលែកអំពីការងាររបស់អ្នក»៖ អ្នកមិនគួរចាំរហូតដល់ដំណាច់ខែ ឬដំណាច់ឆ្នាំនោះទេដើម្បីនិយាយអំពីភាពអវិជ្ជមាននៃការងាររបស់បុគ្គលិករបស់អ្នកនោះទេ ផ្ទុយទៅវិញអ្នកគួរតែនិយាយមើលតាមកាលៈទេសៈ។
៥) «ខ្ញុំចង់ប្រាប់អ្នកអំពីកំហុសរបស់ខ្ញុំ»៖ បុគ្គលិកភាគច្រើនចូលចិត្តចៅហ្វាយនាយដែលចេះចែករំលែករឿងរ៉ាវរបស់ខ្លួន ជាពិសេសគឺបទពិសោធន៍ទាំងឡាយមិនថាល្អ និងមិនល្អ ដើម្បីជួយឲ្យពួកគេមានការចេះគិតពិចារណាថែមមួយកម្រិតទៀត។
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.businessnewsdaily.com