អ្វីខ្លះដែលអ្នកមិនគួរធ្វើ បន្ទាប់ពីសម្ភាសន៍ការងាររួច?
មានបេក្ខជនជាច្រើនដែលដាក់ពាក្យសុំចូលធ្វើការរហូតបានជាប់ដល់វគ្គសម្ភាសន៍ តែពួកគេបានធ្វើឲ្យខ្លួនឯងបាត់បង់ឱកាសទៅវិញដោយសារតែកំហុសមួយចំនួនខាងក្រោម៖
១) សួរញឹកញាប់ពេកទាក់ទងនឹងរឿងមុខតំណែង៖ វាជាការល្អក្នុងការសួរបញ្ជាក់ពីមុខដំណែងដែលខ្លួនឯងត្រូវទទួលបាន តែអ្នកក៏គួរតែមើលទៅតាមកាលៈទេសៈផងដែរ ហើយចៀសវាងសួរច្រំដែលពេកដែលវាអាចធ្វើឲ្យប៉ះពាល់ដល់ការងាររបស់អ្នក។ ដូច្នេះក្រោយពេលសម្ភាសន៍ចប់ សូមកុំទូរស័ព្ទ ឬ អ៊ីមែលទៅសួរអំពីលទ្ធផល ព្រោះការធ្វើបែបនេះវានាំឲ្យមានការទើសទាល់ និង ធុញទ្រាន់ផងដែរ ព្រោះបើអ្នកជាបេក្ខជនសំខាន់មែន គេប្រាកដជាទាក់ទងមកអ្នកវិញមិនខាន។
២) កុំធ្វើដូចជាអ្នកបានការងារហើយអ៊ីចឹង៖ មិនថាអ្នកគិតថាខ្លួនឯងឆ្លើយសំនួរនៅពេលសម្ភាសន៍បានល្អយ៉ាងណាក៏ដោយ អ្នកមិនគួរពេលមានទំនុកចិត្តលើខ្លួនឯងហួសហេតុពេកនោះទេ ជៀសវាងនាំឲ្យគេគិតថា អ្នកមានលក្ខណៈអំនួតលើខ្លួនឯង។ ដូច្នេះត្រូវចាំថា អ្នកត្រូវតែមានទំនុកចិត្តលើខ្លួនឯង ប៉ុន្តែមិនមែនអំនួតទេ។
៣) កុំផ្លាស់ប្ដូរប្រាក់ខែដែលអ្នករំពឹងទុក៖ អ្នកមិនគួរផ្លាស់ប្ដូរការទាមទារប្រាក់ខែតាមតែចិត្តនោះទេ ឬមកពីអ្នកឃើញអ្នកសម្ភាសន៍មានទូរស័ព្ទល្អប្រើ ដែលការស្លៀកពាក់របស់គេមានភាពថ្លៃថ្នូរដែលធ្វើឲ្យអ្នកគិតថាអ្នកនឹងអាចសុំចំនួនប្រាក់ខែច្រើនជាងមុន។ ក្នុងន័យនេះ អ្នកអាចផ្លាស់ប្ដូរពីច្រើនចុះមកតិចវិញបាន តែមិនអាចពីតិចទៅច្រើននោះទេ ព្រោះធ្វើបែបនេះគេប្រាកដជាមិនរើសយកអ្នកឡើយ។
៤) កុំរអ៊ូប្រាប់អ្នកដទៃនៅពេលដែលអ្នកបញ្ចប់ការសម្ភាសន៍៖ វាចាត់ទុកជារឿងមិនល្អ និងគ្មាន សុជីវធម៌នៅពេលដែលអ្នកលើកឡើងតែពីរឿងមិនល្អនៅពេលសម្ភាសន៍យកទៅប្រាប់អ្នកដទៃ។
៥)កុំទាន់Add ឬ ទាក់ទងអ្នកដែលសម្ភាសន៍តាមបណ្ដាញសង្គម៖ បើលទ្ធផលមិនទាន់ប្រកាសជាផ្លូវការ សូមកុំទាន់Add ឬ ទាក់ទងអ្នកដែលសម្ភាសន៍នៅតាមបណ្ដាញសង្គមឲ្យសោះ ព្រោះគេអាចគិតថា អ្នកកំពុងទាក់ទង ឬ បញ្ចុះបញ្ចូលទាក់ទងនឹងតំណែងការងារថ្មីនោះ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.businessnewsdaily.com