ហេតុអ្វីបានជា Starbucks ទើបសម្រេចបើកហាងនៅអ៊ីតាលី ម៉េចយូរហើយមិនមក?
ក្រុមហ៊ុនកាហ្វេដ៏ធំជាងគេបំផុតមួយក្នុងលោកគឺ Starbucks Corp បានថ្លែងកាលពីថ្ងៃអាទិត្យកន្លងទៅថា ខ្លួននឹងបើកសម្ពោធហាងទីមួយរបស់ខ្លួននៅអ៊ីតាលីនៅដើមឆ្នាំក្រោយនេះ គឺបើកនៅទីក្រុងមីឡង់តែម្ដង។
ការប្រកាសបើកនាពេលនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីអ្នកជំនួយអ៊ីតាលីលោក Antonio Percassi បានទិញសិទ្ធិមកលក់បន្តបានដោយជោគជ័យ។ អ្វីដែលជាការកត់សម្គាល់នោះគឺថា អ៊ីតាលីជាប្រទេសដែលមានប្រជាជនផឹកកាហ្វេច្រើនជាងគេមួយក្នុងលោក (ជាប់ទី ៧នៅអឺរ៉ុប) ក៏ប៉ុន្តែក្រុមហ៊ុនកាហ្វេលំដាប់អន្តរជាតិមួយនេះ ទើបសម្រេចបើកនៅប្រទេសនេះ។
មានការលើកឡើងពីហេតុផលមួយចំនួនដែលធ្វើឱ្យកាហ្វេនេះមិនបើកនៅអ៊ីតាលីប៉ុន្មានឆ្នាំមកនេះ បើទោះបីជាប្រទេសនេះជាដើមចមដែលធ្វើឱ្យលោក Harold Shultz ស្ថាបនិកក្រុមហ៊ុននេះសម្រេចចិត្តបង្កើតកាហ្វេនេះឡើងបន្ទាប់ពីលោកមកទស្សនាទីក្រុងមីឡង់។
១) ការប្រកួតប្រជែងវិស័យកាហ្វេនៅប្រទេសនេះ គឺមានសភាពតឹងតែងខ្លាំង៖ នៅប្រទេសអ៊ីតាលី មានហាងកាហ្វេច្រើនណាស់ ហើយក៏មានក្រុមហ៊ុនមេធំៗច្រើនណាស់ដែរដែលធ្វើឱ្យការប្រកួតប្រជែងមានកម្រិតខ្លាំង > តម្លៃធូរថ្លៃ >មានហាងកាហ្វេមិនតិចទេដែលដួលរលំ។ ២) អាហារបែបអ៊ីតាលី ជាអាហារបែបប្រពៃណីដែលផ្ដល់ថាមពល និងគុណភាពជីវិត ដែលជាអត្តសញ្ញាណផ្ទាល់ខ្លួនរបស់ប្រជាជនអ៊ីតាលីមិនងាយមានអាហារឬភេសជ្ជៈបរទេសមកជំនួសបាន (ប្រជាជនអ៊ីតាលីចូលចិត្ត expresso ខ្លាំង)។ ៣) គុណភាពកាហ្វេអ៊ីតាលីខ្ពស់ស្រាប់៖ ដោយប្រទេសនេះមានប្រវត្តិនឹងកាហ្វេយូរលង់មកហើយ កាហ្វេអ៊ីតាលី គឺជាកាហ្វេដែលមានគុណភាព និងរសជាតិឆ្ងាញ់ខ្លាំងលំដាប់ពិភពលោកទៅហើយ ដូច្នេះអាចពិបាកសម្រាប់ស្ដារបាក់លោតចូលទីផ្សារនេះ៕