បញ្ហាសុខភាពដ៏ធ្ងន់ធ្ងរទាំង៤ ដែលមនុស្សក្នុងពិភពលោកកំពុងតែជួបប្រទះ
មនុស្សជាច្រើនមានការព្រួយបារម្ភជាខ្លាំងចំពោះបញ្ហាសុខភាពដោយសារតែរបៀបរស់នៅរបស់មនុស្សសព្វថ្ងៃផងនិងផ្នែកវេជ្ជសាស្ត្រពេទ្យផង។ មូលហេតុចម្បងផ្សេងៗទៀតមានដូចជា របបអាហារមិនទៀងទាត់ កង្វះការហាត់ប្រាណ បរិស្ថានជុំវិញខ្លួន សម្ពាធផ្លូវចិត្ត ហ្សែន (Genetics)។ ខាងក្រោមនេះជំងឺទាំង៤នោះរួមជាមួយអាការៈ មូលហេតុ និងការគាំពាររបស់វា៖
១) ជំងឺមហារីក៖ គ្មានមូលហេតុជាក់លាក់ណាមួយអាចឲ្យយើងដឹងពីជំងឺមហារីកនោះទេ តែវាមានកត្តាជាច្រើនដែលអាចនាំឲ្យយើងជួបប្រទះនូវប្រភេទនៃជំងឺមហារីកផ្សេងៗគ្នា។ ការប្រើថ្នាំជក់ ការប្រើប្រាស់គ្រឿងស្រវឹង ការជក់បារី ការរងប៉ះពាល់ពីពន្លឺព្រះអាទិត្យខ្លាំង និងវិទ្យុសកម្ម គឺជាមូលហេតុដ៏គួរឲ្យព្រួយបារម្ភ ខណៈពេលដែលហ្សែនជាមូលហេតុចម្បង ដែលអាចចម្លងទៅដល់សមាជិកគ្រួសាររបស់អ្នក។ រីឯវិធីការពារវិញមានដូចជា ការធ្វើលំហាត់ប្រាណទៀងទាត់ មានរបបអាហារត្រឹមត្រូវ និងព្យាយាមបញ្ឈប់ការជក់បារីឬជក់ថ្នាំជាដើម។
២) ជំងឺទឹកនោមផ្អែម៖ ជំងឺនេះក៏ជាជំងឺមួយដ៏កាចសាហាវផងដែរដែលធ្វើឲ្យមានការប៉ះពាល់ដល់ផ្នែកផ្សេងទៀតនៃរាងកាយដូចជា ដាច់សរសៃឈាមខួរក្បាល ចុះខ្សោយសមត្ថភាពខួរក្បាល ខូចស្រទាប់ភ្នែក គាំងបេះដូង ងាយមានការជ្រាបចូលពីបាក់តេរីជាដើម។ វិធីការពារពីការកើតជំងឺនេះមានដូចជា លំហាត់ប្រាណទៀងទាត់ ទទួលទានគ្រាប់ធញ្ញជាតិដែលមានជាតិសរសៃ Fiberឲ្យបានច្រើន ញាំបន្លែនិងផ្លែឈើជាប្រចាំ រក្សាទម្ងន់ឲ្យថេរ និងទទួលការពិនិត្យជាប្រចាំ។
៣) ជំងឺបេះដូង៖ មានមនុស្សជាច្រើនមានរោគនេះដែលបានសម្លាប់ពួកគេមិនតិចនាក់ទេ ហើយមូលហេតុរបស់វាមានដូចជា ការជក់បារី របបអាហារមានជាតិខ្លាញ់ខ្ពស់ កង្វះការហាត់ប្រាណជាដើម។ វិធីកាត់បន្ថយឬបង្ការវាមានដូចជា កាត់បន្ថយការទទួលទានប្រៃ ធ្វើលំហាត់ប្រាណជាប្រចាំ ទទួលទានអាហារដែលមានកម្រិតខ្លាញ់ទាប និងរួមទាំងធ្វើការត្រួតពិនិត្យសុខភាពជាប្រចាំផងដែរ។
៤)៖ ជំងឺភ្លេចភ្លាំង៖ ជំងឺនេះភាគច្រើនត្រូវបានកើតទៅលើស្ត្រីច្រើនជាងបុរស ហើយភាគច្រើនសម្រាប់អ្នកដែលមានអាយុច្រើនទៅៗ។ ការការពារឬកាត់បន្ថយវិញមានដូចជា ការកាត់បន្ថយទុកព្រួយរបស់ខ្លួននិងការធ្លាក់ទឹកចិត្ត ធ្វើការហាត់ប្រាណឲ្យបានទៀងទាត់ និងគេងឲ្យបានគ្រប់គ្រាន់៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org