បើសិនជាអ្នកមានសញ្ញាទាំង៥នេះបានន័យអ្នកគួរតែចាប់ផ្ដើមផ្លាស់ប្ដូរជីវិតរបស់អ្នកហើយ
ជីវិតរបស់មនុស្សម្នាក់មានពេលខ្លីណាស់ ហេតុបានជាយើងមិនព្រមរស់នៅឲ្យមានតម្លៃនិងសាកសមជាទីបំផុតទៅ? ខាងក្រោមនេះគឺជាសញ្ញាខ្លះៗដែលបញ្ជាក់ថាអ្នកគួរកែប្រែការរស់នៅរបស់អ្នកទៅ៖
១) អ្នកតែងតែចង់ឲ្យឆាប់ដល់ថ្ងៃចុងសប្ដាហ៍ឬថ្ងៃឈប់សម្រាក៖ អ្នកតែងតែហត់នឿយហើយចង់រកពេលសម្រាកឬដើរលំហែកាយជាដើម តែអ្វីដែលសំខាន់នោះគឺអ្នកមិនចូលចិត្តថ្ងៃផ្សេងនោះទេពោលគឺអ្នកបន់តែឲ្យដល់ថ្ងៃចុងសប្ដាហ៍ព្រោះអ្នកចង់គេចពីការងារដែលនូវចំពោះមុខអ្នក។ ហេតុនេះហើយអ្នកគួរតែពិចារណាឡើងវិញចំពោះបញ្ហានេះព្រោះថាបើអ្នកចេះរៀបចំជីវិតអ្នក អ្នកនឹងរៀបចំពេលវេលាសម្រាកដោយខ្លួនឯងដោយមិនបាច់ចាំថ្ងៃនេះឬថ្ងៃនោះនោះឡើយ។
២) អ្នកមិនដឹងថាខ្លួនឯងឲ្យអាទិភាពខ្លះទៅលើអ្វីជាងគេ៖ តើអ្វីទៅជាអាទិភាពសម្រាប់អ្នក? គ្រួសារ មិត្តភ័ក្ដិ សេចក្ដីសុខ ការងារ ឬក៏លុយកាក់? ព្យាយាមគិតថាតើអ្វីដែលផ្ដល់អាទិភាពឲ្យខ្លាំងជាងគេក្នុងជីវិតរបស់អ្នក ហើយអ្នកក៏គួរគិតផងដែរថាអ្នកបានធ្វើអ្វីខ្លះសម្រាប់រឿងដែលអ្នកឲ្យអាទិភាពនោះហើយឬនៅ ហើយថាតើអ្នកនឹងអាចចំណាយពេលបន្ទាប់ទៀតក្នុងជីវិតអ្នកធ្វើវាដែរឬទេ។
៣) អ្នកស្គាល់ខ្លួនឯងមិនច្បាស់៖ អ្នកមិនទាន់ដឹងច្បាស់ថាខ្លួនឯងចូលចិត្តអ្វីហើយចង់ធ្វើអ្វីឲ្យប្រាកដ។ ពេលខ្លះអ្នកគួរតែមានពេលសម្រាប់ខ្លួនខ្លះដើម្បីធ្វើការស្វែងយល់ពីខ្លួនឯងឲ្យបានស៊ីជម្រៅជាងមុនដូចជារៀនពីអ្វីដែលថ្មីហើយប្លែក ចំណាយនៅជាមួយមនុស្សដែលធ្វើឲ្យអ្នកមើលឃើញពិភពលោកបានធំទូលាយជាងមុន ឬធ្វើអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយជាដើម។
៤) អ្នកឧស្សាហ៍ច្រណែននឹងភាពជោគជ័យរបស់អ្នកដទៃ៖ អ្នកមានគំនិតមិនចង់ឃើញអ្នកដទៃមានភាពជោគជ័យជាងខ្លួន។ ផ្ទុយពីការគិតបែបនេះអ្នកគួរតែចូលរួមអបអរសាទរជាមួយពួកគេហើយរៀនពីពួកគេវិញល្អជាជាង។ ការធ្វើបែបនេះមិនមែនមានន័យថាអ្នកអន់នោះទេ តែបានន័យថាអ្នកចេះទទួលស្គាល់នូវការពិតហើយចេះអភិវឌ្ឍខ្លួនឯងទៅមុខទៀត។
៥) អ្នកមានអារម្មណ៍ថាអ្នកទំនេរពេក៖ នៅពេលដែលអ្នកមានអារម្មណ៍បែបនេះធ្វើឲ្យខ្លួនអ្នកមិនមានភាពរីកចំរើននោះទេ។ អ្នកគួរតែព្យាយាមធ្វើអ្វីដែលមានប្រយោជន៍ព្រោះថានៅពេលដែលអ្នកទំនេរពេកអ្នកតែងតែយកពេលវេលានោះទៅធ្វើអ្វីដែលអត់ប្រយោជន៍ហើយវាគ្មានផ្ដល់ចំណេញនោះទេព្រមទាំងធ្វើឲ្យអ្នកខ្ជិលទៅៗថែមទៀតផង៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org