កីឡា​ការិនី​ស្រស់​ស្អាត​លំដាប់​ពិភពលោក នាង Sharapova ត្រូវ​បាន UNPD​ ​បញ្ឈប់​តួនាទី​ជា​ឯកអគ្គរដ្ឋទូត​សុឆន្ទៈ​ព្រោះ​ប្រើ​សារធាតុ​ញៀន​​​



​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ ​ឬUNPD ​ បាន​បញ្ចប់​តួនាទី​តារា​វាយ​កូន​បាល់​នាង Maria Sharapova ​ជា​ឯកអគ្គរដ្ឋទូត​​​សុឆន្ទៈ​ បន្ទាប់​ពី​កីឡា​ការិនី​រុស្ស៊ី​រូប​នេះ បាន​ទទួល​ស្គាល់​ថា​ខ្លួន​ត្រូវ​បាន​គេ​ធ្វើ​តេស្ត​រក​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ការ​ប្រកួត​ក្នុង​កម្មវិធី​​Australian Open ។ តារា​ជើង​ឯក​៥​សម័យ​កាល​រូប​នេះ បាន​និយាយ​ថា នាង​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ ​ដោយ​មាន​សារធាតុ​ញៀន​ Meldonium ដែល​សារធាតុ​ញៀន​នេះ​ត្រូវ​បាន​គេ​ហាមឃាត់​នៅ​ក្នុង​ការ​ប្រកួត​ឆ្នាំ​នេះ។ យោង​តាម ​AP អ្នក​នាំ​ពាក្យ UNDP បាន​អោយ​ដឹង​ថា៖ ​«​ស្ថាប័ន​មួយ​នេះ​ មាន​ភាព​ត្រេកអរ​ចំពោះ​ការ​ចូលរួម​របស់ Maria Sharapova ក្នុង​ការ​គាំទ្រ​ដល់​ការងារ​របស់​ពួក​យើង។ ជាពិសេស​ជុំវិញ​ការងារ​នៅ​ក្នុង​គ្រោះ​មហន្តរាយ​នៃ​ការ​ផ្ទុះឡើង​វិញ​នូវ​ថាមពល​នុយក្លេអ៊ែរ​នៅ Chernobyl»​​។ «​ទោះ​ជា​យ៉ាង​ណា​ ការ​ប្រកាស​​ពី​បញ្ហា​របស់​ Sharapova នៅ​ពេល​ថ្មីៗ​នេះ យើង​បាន​ផ្អាក​តួនាទី​របស់​នាង​ហើយ​កាល​ពី​សប្ដាហ៍​មុន​ ​ព្រមទាំង​គម្រោង​សកម្មភាព​ជា​ច្រើន​ទៀត ខណៈ​ដែល​ការ​ស៊ើបអង្កេត​កំពុង​ត្រូវ​បាន​ធ្វើ​បន្ត»។ ​ ​សូម​បញ្ជាក់​​ ​អង្គការ​UNPD​នេះ បាន​ធ្វើការ​ជាមួយ​​​ Sharapova អស់​រយៈពេល​៩​ឆ្នាំ​មក​ហើយ។ក្រុមហ៊ុន​ល្បី​ៗ​នៅ​លើ​ពិភពលោក ដូចជា Nike និង Porsche  ក៏​បាន​ផ្ដាច់​កិច្ច​កុងត្រា​ឧបត្ថម្ភ​ដល់ Sharapova ​ផង​ដែរ។ Sharapova និយាយ​ថា នាង​បាន​ប្រើប្រាស់​ថ្នាំ​នេះ រយៈ​ពេល​១០​ឆ្នាំ​ហើយ ដើម្បី​ព្យាបាល បញ្ហា​សុខភាព​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ប្រចាំ​គ្រួសារ​។ នាង បាន​បន្ត​ថា ខ្លួន​នាង​មិន​បាន​អាន​ពី​លក្ខខណ្ឌ​ក្នុង​ការ​ប្រើប្រាស់​ថ្នាំ​ដែល​ត្រូវ​បាន​ហាមឃាត់​ក្នុង​បញ្ជី​នៃ​ការ​ប្រកួត​ក្នុង​ឆ្នាំ​នេះ​ទេ។ Meldonium ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​ខាង​កើត ដើម្បី​ព្យាបាល​បញ្ហា​បេះដូង និង​ជួយ​ដល់ ចលនា​អុកស៊ីហ្សែន​។ ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា ​វា​គឺ​ជា​ថ្នាំ​បង្កើន​ថាមពល​ពេញ​និយម​មួយ សម្រាប់​អត្តពលិក៕ ប្រែ​សម្រួល៖ សុខា នីកា ប្រភព៖ time.com
X
5s