ប្រយោគទាំង៤ដែលអ្នកមិនគួរនិយាយចេញទៅក្រៅ នៅពេលកំពុងមានជម្លោះ
ជាទូទៅនៅពេលដែលអ្នកខឹងដល់កម្រិតមួយដែលអ្នកមិនអាចគ្រប់គ្រងខ្លួនឯងបាន អ្នកនឹងនិយាយអ្វីមិនល្អចេញមកក្រៅដោយអ្នកមិនបានគិតពិចារណាឬមិនដឹងខ្លួនដែលជាហេតុនាំបញ្ហាដល់ខ្លួនទៅថ្ងៃក្រោយឬក៏អាចនាំឲ្យអ្នកស្ដាយក្រោយក៏អាចថាបាន។ ខាងក្រោមនេះគឺជាប្រយោគដែលអ្នកមិនគួរនិយាយនោះទេនៅពេលមានជម្លោះ៖
១) អ្នកឆ្កួតទេឬក៏អី? បើសិនជាដៃគូនិយាយប្រាប់អ្នកថា អ្នកដូចជាមិនសូវខ្វាយខ្វល់ពីគេសោះថ្មីៗនេះ។ អ្នកមិនគួរឆ្លើយតបទៅគេដោយប្រយោគខាងលើនោះទេ ផ្ទុយទៅវិញអ្នកគួរតែនិយាយថា អ្នកខ្វល់ជាមួយគេហើយប្រាប់គេថាអ្នកចង់បង្ហាញគេឲ្យឃើញថាអ្នកខ្វល់និងបារម្ភពីគេដល់កម្រិតណា។
២) អ្នកតែងតែធ្វើឲ្យខ្ញុំខ្មាសគេរហូត៖ បើសិនជាអ្នកនិយាយពាក្យនេះទៅកាន់នរណាម្នាក់ វាហាក់បីដូចជាធ្ងន់ធ្ងរគួរសមដែរដែលអាចធ្វើឲ្យភាគីម្ខាងទៀតមិនសប្បាយចិត្តហើយគិតថាខ្លួនឯងល្អមិនគ្រប់គ្រាន់។ អ្នកគួរតែប្រាប់គេថាអ្នកមិនចូលចិត្តអ្វី អ្នកចង់បានអ្វី ឬអ្នកមិនចង់ឲ្យគេធ្វើអ្វីមកលើអ្នក ដោយប្រើពាក្យសម្ដីសមរម្យហើយគួរតែជ្រើសរើសពេលវេលាគួរសមក្នុងការនិយាយទៅកាន់គេផងដែរ។
៣) បានហើយ ខ្ញុំលែងចង់ស្ដាប់អ្វីទៀតហើយ៖ អ្នកគួរតែនិយាយពីបញ្ហាដែលអ្នកមានជាមួយភាគីម្ខាងទៀតដោយបើកចិត្តឲ្យទូលាយ ហើយប្រើពាក្យសម្ដីមួយដែលពួកគេអាចទទួលយកបានព្រោះថាបើសិនជាអ្នកនិយាយគំរោះគំរើយពេកនោះវានឹងអាចនាំឲ្យមានរឿងរ៉ាវរឹតតែធំ។
៤) ខ្ញុំរវល់ ខ្ញុំទៅសិនហើយ៖ នៅពេលដែលនរណាបើកចិត្តនិយាយពីរឿងអ្វីជាមួយអ្នក អ្នកគួរតែនៅជាមួយគេហើយព្យាយាមស្ដាប់ពួកគេដោយយកចិត្តទុកដាក់ បើមិនពុំនោះវានឹងធ្វើឲ្យគេរឹតតែមានអារម្មណ៍យ៉ាប់លើសដើម។ ហើយបើសិនជាអ្នកមានរឿងបន្ទាន់ខ្លាំងពិតមែន អ្នកគួរតែនិយាយជាមួយគេឲ្យស្រួលហើយរកឱកាសដើម្បីមកនិយាយរឿងនេះបន្តទៀត៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.greatist.com