​ប្រទេស​ក្រីក្រ​ និង​អ​សន្តិសុខ​បំផុត​ក្នុង​លោក​​ដែល​លោក​អ្នក​មិន​គួរ​ធ្វើ​ដំណើរ​ទៅ​​



វិទ្យាស្ថាន​ Legatum មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស​បាន​​ចេញ​​​​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​​ខ្លួន​ដែល​មាន​ឈ្មោះ​ថា​ "សន្ទស្សន៍​វឌ្ឍនភាព ឬ​ Prosperity Index” ​ដែល​បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​ចំនួន​ ១៤២​ ក្នុង​លោក​ស្ដី​ពី​​ភាព​ក្រីក្រ​ ​អ​សន្តិសុខ​​ ​មាន​ទុក្ខ​ និង​​មាន​សុខភាព​មិន​ល្អ​បំផុត​​ក្នុង​លោក។ ​ ​​​​​ពាក្យ​ថា​ "​​វឌ្ឍនភាព (Prosperity)” ដែល​​​មនុស្ស​ភាគ​ច្រើន​​និយាយ​តែ​អំពី​​ប្រាក់​នោះ​ សម្រាប់​វិទ្យាស្ថានLegatum ​គឺ​​បាន​ផ្ដល់​អត្ថន័យ​ទូលំទូលាយ​ជាង​​នេះ។ ​ ​​

នៅ​ក្នុង​ការ​វាយ​តម្លៃ​នេះ​ ​​វិទ្យាស្ថាន​ខាង​លើ​បាន​ដាក់​ចំណាត់​ថ្នាក់​ដោយ​ផ្អែក​ទៅ​លើ​អញ្ញត​​ចំនួន​ ៨៩​​​រួម​មាន​​បញ្ហា​អត់​ការងារ​ធ្វើ​ ​សេដ្ឋកិច្ច​ សន្តិសុខ​ ​សិទ្ធិ​សេរីភាព​នយោបាយ​ជា​ដើម។ ​​ទិន្នន័យ​របស់​វិទ្យាស្ថាន​ខាង​លើ​បាន​​បែង​ចែក​​អនុ​សន្ទស្សន៍​ចំនួន​ ៨​ គឺ​សេដ្ឋកិច្ច​​ សហគ្រិនភាព​​និង​ឱកាស​ ​រដ្ឋបាល​​ អប់រំ​ សុខភាព​ សុវត្ថិភាព​និង​សន្តិសុខ​ ​សេរីភាព​បុគ្គល​​ និង​មូលធន​សង្គម។ ​​​វិទ្យាស្ថាន​​បាន​ដាក់​ពិន្ទុ​ជា​រួម​​​ទៅ​លើ​អនុ​សន្ទស្សន៍​ទាំង​ ៨​​ ហើយ​គណនា​ពិន្ទុ​សរុប​ដើម្បី​ដាក់​ចំណាត់​ថ្នាក់​ទៅ​លើ​ប្រទេស​នីមួយៗ។ ​ ​ខាង​ក្រោម​នេះ ​​ជា​ប្រទេស​ចំនួន​ ១០​ ដែល​មាន​ចំណាត់​ថ្នាក់​អន់​បំផុត៖

១) សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល៖ ​ពិន្ទុ​ទាប​បំផុត​គឺ​ ​សហគ្រិនភាព​​និង​ឱកាស​ អប់រំ​ និង​បញ្ហា​សុខភាព។ ​​

២)​​ អាហ្វហ្គានីស្ថាន៖ ប្រទេស​នេះ​ញាំញី​ដោយ​សារ​សង្គ្រាម​ជា​ច្រើន​ទសវត្សរ៍​​មក​ហើយ​ ហើយ​​ទទួល​បាន​ពិន្ទុ​ទាប​ជាង​គេ​បំផុត​​ផ្នែក​រដ្ឋបាល​ ​សន្តិសុខ​ និង​សុវត្ថិភាព។

៣) ហៃទី៖ ប្រទេស​នេះ​បាន​ជួប​​​មហន្តរាយ​​​រញ្ជួយ​ដី​ដ៏​ធំ​កាល​ពី​ឆ្នាំ​២០១០​ ធ្វើ​ឱ្យ​ស្ថានភាព​សុខភាព​សាធារណៈ​អន់​​ថយ​ ​និង​ទទួល​បាន​ពិន្ទុ​ទាប​​ផ្នែក​​ខាង​រដ្ឋបាល​ និង​សេរីភាព​បុគ្គល។

៤) ឆាត៖ ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​នៅ​អាហ្វ្រិក​​មួយ​នេះ​បាន​ធ្លាក់​ចុះ​ខាង​ខ្លាំង​​ ធ្វើ​ឱ្យ​ប្រទេស​នេះ​ទទួល​បាន​ពិន្ទុ​ជា​រួម​​លេខ​បួន​រាប់​ពី​​ក្រោម។​

៥) ប៊ូរុនឌី៖ ​​ប្រទេស​នេះ​ ​មាន​ស្ថានភាព​សេដ្ឋកិច្ច​យ៉ាប់យ៉ឺន​​ បូករួម​ទាំង​ផ្នែក​មូលធន​សង្គម​ និង​សុខភាព​សាធារណៈ​​អន់​​ថយ​ផង​ ធ្វើ​ឱ្យ​ប្រទេស​នេះ​ជាប់​ចំណាត់​ថ្នាក់​លេខ​​​ ១៣៨​ក្នុង​ចំណោម​ប្រទេស​​ចំនួន​ ១៤២។

៦) សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ៖ ​ប្រជាជន​នៅ​ក្នុង​ប្រទេស​នេះ​​ត្រូវ​បាន​គេ​ដាក់​ចំណាត់​ថ្នាក់​ឱ្យ​ថា​ ​រស់​នៅ​ក្នុង​ប្រទេស​​អ​សន្តិសុខ​បំផុត។

៧) ស៊ីរី៖ ​កាល​ពី​ឆ្នាំ​២០០៩​ ​ពិន្ទុ​ជា​រួម​របស់​ប្រទេស​នេះ​ គឺ​​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ ៩០​​​ ប៉ុន្តែ​បន្ទាប់​ពី​សង្គ្រាម​​ស៊ីវិល​ឃោរឃៅ​បាន​ផ្ទុះ​ឡើង​ ​និង​ការ​កើត​ឡើង​នៃ​ក្រុម​រដ្ឋ​ឥស្លាម​​ ISIS ​ធ្វើ​​​ឱ្យ​ពិន្ទុ​ជា​រួម​របស់​ប្រទេស​នេះ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ ៨) ​យេមែន៖ ​​​ពិន្ទុ​ផ្នែក​សេរីភាព​បុគ្គល​​គឺ​ទាប​មែន​ទែន​ ខណៈ​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​នេះ​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​​ចំនួន​ ១០​ដែល​អន់ថយ​បំផុត។

៩) ស៊ូដង់៖ ​​ស្ថានភាព​សេរីភាព​ប្រជាជន​ប្រទេស​នេះ​​ ​​គឺ​ទទួល​បាន​ពិន្ទុ​ទាប​​បំផុត​លេខ​២​ក្នុង​លោក។

១០) ​អង់ហ្គោឡា៖ ​​អនុ​សន្ទស្សន៍​ចំនួន​ ៦​ ​ក្នុង​ចំណោម​ ៨​​ គឺ​​ប្រទេស​នេះ​​ទទួល​បាន​លំដាប់​ពិន្ទុ​ទាប​​​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង​ ១០​​មាន​ស្ថានភាព​អន់​ជាង​គេ​បំផុត៕

ដោយ៖ រតនៈ​វិភូ
ប្រភព៖​ Business Insider

X
5s