គ្រប់គ្រងការគិតរបស់អ្នកបាន នោះអ្នកនឹងក្លាយជាអ្នកគូរវាសជោគវាសនាជីវិតរបស់ខ្លួនឯងហើយ
តើជីវិតរបស់បុគ្គលម្នាក់នឹងផ្លាស់ប្ដូរយ៉ាងដូចម្ដេចវិញ បើសិនជាគេដឹងថាខ្លួនឯងមានសក្ដានុពលហួសពីដែនកំណត់ដែលធ្លាប់នឹកគិតដល់ និងជាអ្នកឆ្លាក់ច្នៃជោគវាសនាជីវិតរបស់ខ្លួន ? ខុងជឺ ធ្លាប់លើកឡើងថា៖ "ជីវិតគឺសាមញ្ញនោះទេ តែគឺមនុស្សយើងខ្លួនឯងនេះហើយដែលចេះតែចចេសចង់ឲ្យវាស្មុគស្មាញ"។ ខណៈពេលមួយដែលអ្នកចាប់ផ្ដើមយល់ពីពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធកាលពីជាង២៥០០ឆ្នាំមុន ដែលច្បាប់សកលលោកនេះមានសេចក្ដីថា៖ "អ្នកគិតបែបណា អ្នកនឹងក្លាយជាបែបនោះ" អ្នកនឹងមិនរស់នៅជីវិតរបស់ខ្លួនដូចកាលពីមុនទៀតនោះឡើយ។
ការគិតរបស់អ្នកគឺជាអ្នកតាក់តែងជោគវាសនាជីវិតរបស់អ្នក។ អ្នកមិនអាចបណ្ដុះគ្រាប់ពូជរបស់ផ្លែក្រូច ហើយរំពឹងចង់ឲ្យដើមមួយនេះលូតលាស់ក្លាយជាដើមផ្លែប៉ោមបាននោះឡើយ។ នេះមានន័យថា បើអ្នកបណ្ដុះគ្រាប់ពូជនៃការគិតរបស់អ្នកយ៉ាងដូចម្ដេច ឬអ្នកមានទម្លាប់គិតយ៉ាងបែបណា នោះលទ្ធផលដែលអ្នកទទួលបាននាខាងមុខក៏នឹងទទួលបានដូច្នោះដែរ។ គ្មាននោះឡើយស្ថានការណ៍ខាងក្រៅណាដែលមកមានឥទ្ធិពលលើជីវិតអ្នកឲ្យក្លាយជាបែបនេះឬបែបនោះ។ ផ្ទុយទៅវិញ គ្រប់យ៉ាងគ្រាន់តែជាផលិតផលនៃការគិតរបស់អ្នកតែប៉ុណ្ណោះ។ ហេតុអ្វីស្ថិតនៅក្រោមស្ថានការណ៍តែមួយ មនុស្សម្នាក់មើលឃើញថាជាឱកាសដែលអនុញ្ញាតឲ្យពួកគេរីកចម្រើនសមត្ថភាពរបស់ខ្លួន រីឯមនុស្សម្នាក់ទៀតបែរជាមើលឃើញថាជាឧបសគ្គដែលតម្រូវឲ្យពួកគេបោះបង់ទៅវិញ ?
ហេតុអ្វីស្ថានការណ៍ដូចគ្នា តែអាចឲ្យមនុស្សម្នាក់ខឹង ឯមនុស្សម្នាក់ទៀតបែរជាធម្មតាដូច្នោះ ? ស្ថានការណ៍ខាងក្រៅដែលកើតឡើងមកលើយើង មិនថាអាក្រក់ឬល្អ គឺជារឿងដែលនៅក្រៅដែនកំណត់នៃសមត្ថភាពដែលយើងអាចគ្រប់គ្រងវាបាន។ ដោយឡែក អ្វីដែលស្ថិតនៅក្នុងដែនកំណត់គ្រប់គ្រងរបស់អ្នកនោះគឺជា ជ្រុងរបស់រូបភាពដែលអ្នកជ្រើសរើសសម្លឹងមើល និងវិធីដែលអ្នកជ្រើសរើសឆ្លើយតបទៅកាន់ស្ថានការណ៍ទាំងនោះវិញ។ ការគិតគឺជាអ្វីដែលញែកផ្ដាច់គ្នារវាងមនុស្សជោគជ័យនិងបរាជ័យ និងមនុស្សមានសេចក្ដីសុខនិងសេចក្ដីទុក្ខក្នុងជីវិត។ រាល់ជំនឿអ្វីក៏ដោយដែលអ្នកមាន វានឹងក្លាយមកជាការពិតរបស់អ្នក។
ដូច Henry Ford បាននិយាយថា៖ "ទោះបីជាអ្នកជឿថាអ្នកអាចធ្វើអ្វីមួយបាន ឬមិនអាចក៏ដោយ ក៏អ្នកនៅតែត្រូវដែរ"។ នៅពេលអ្នកជឿថា ជោគវាសនាជីវិតរបស់អ្នកត្រូវបានកំណត់ដោយអំណាចពីខាងក្រៅរួចទៅហើយ អ្នកគ្រាន់តែរស់នៅគ្រប់វិនាទីដើម្បីប្រតិកម្មឆ្លើយតបទៅវិញចំពោះឥទ្ធិពលខាងក្រៅដែលមានមកលើអ្នកតែប៉ុណ្ណោះ។ នេះពេលនេះហើយដែលអ្នកបានក្លាយជាទាសករនៃការគិតរបស់ខ្លួនឯង ហើយក្លាយជាជនរងគ្រោះរបស់អ្វីៗដែលនៅជុំវិញខ្លួនអ្នក។ នៅពេលអ្នកគិតថាជីវិតរបស់អ្នកត្រូវស្ថិតនៅក្រោមអំណាចពីឥទ្ធិពលខាងក្រៅ មិនថាជាសង្គមរបស់អ្នក គ្រួសារ ឬស្ថានការណ៍ខាងក្រៅទាំងឡាយ នោះភាពជាជនរងគ្រោះនេះនឹងបណ្ដុះនូវការគិតដែលអាណិតអាសូរដល់ខ្លួនឯង។
អ្នកដទៃអាចឃុំឃាំងរាងកាយរបស់អ្នកបាន ប៉ុន្តែអ្វីដែលអ្នកទាំងនោះមិនអាចឃុំឃាំងសិទ្ធិសេរីភាពរបស់អ្នកបាននោះគឺជាការគិតរបស់អ្នកនេះឯង។ ការគិតរបស់អ្នកមានបែបណា នោះអ្នកនឹងក្លាយជាបែបនោះ។ ការគិតរបស់អ្នកគឺជាអ្នកគ្រប់គ្រង បង្គាប់បញ្ជា និងតាក់តែងជោគវាសនាជីវិតរបស់អ្នក។ ហេតុអ្វីមនុស្សមួយចំនួនមិនអាចទទួលបាននូវអ្វីដែលខ្លួនប្រាថ្នាចង់បាន ? នោះគឺមកពីការគិតរបស់ពួកគេផ្ដោតទៅលើតែរឿងទាំងឡាយណាដែលពួកគេមិនចង់បាននេះឯង។ វាមិនមែនមកពីអ្នកដទៃធ្វើឲ្យអ្នកខឹងនោះទេ ប៉ុន្តែគឺមកពីអ្នកខ្លួនឯងដែលអនុញ្ញាតឲ្យគេមានឥទ្ធិពលបង្វែរទិសដៅជីវិតរបស់អ្នក ព្រោះថ្វីត្បិតតែអ្នកមិនអាចគ្រប់គ្រងមិនឲ្យគេធ្វើអ្វីមិនល្អមកលើអ្នកបាន តែអ្វីដែលអ្នកអាចគ្រប់គ្រងបាននោះគឺជាការឆ្លើយតបរបស់អ្នក និងថាតើអ្នកជ្រើសរើសសម្លឹងមើលស្ថានការណ៍នេះក្នុងរូបភាពបែបណាវិញ ?
មនុស្សគ្រប់គ្នាតែងតែចង់ប្រកួតប្រជែងយកឈ្នះអ្នកដទៃ ប៉ុន្តែតើវាមានតម្លៃឬទេប្រសិនពួកគេមិនទាំងអាចយកឈ្នះលើអារម្មណ៍របស់ខ្លួនផងនោះ ? នៅពេលអ្នកគ្មានគោលជំហរឬជាច្បាប់សម្រាប់គ្រប់គ្រងការគិតរបស់ខ្លួនឯងទេនោះ អ្នកកំពុងតែបណ្ដោយឲ្យអារម្មណ៍របស់អ្នកឡើងធ្វើជាស្ដេចគ្រប់គ្រងជីវិតរបស់អ្នកតាមតែវានឹកឃើញហើយ។ មនុស្សជាច្រើនចង់ឲ្យអ្វីមួយប្រព្រឹត្តទៅតាមការចង់បានរបស់ខ្លួន ដោយផ្ដោតទៅលើបញ្ហាជាជាងដំណោះស្រាយ។ មានន័យថាពួកគេចង់ឲ្យខាងក្រៅផ្លាស់ប្ដូរទៅតាមអ្វីដែលខ្លួនចង់បាន។
ប៉ុន្តែបើពួកគេផ្ដោតមកលើការផ្លាស់ប្ដូរខ្លួនឯង គឺពួកគេកំពុងផ្ដោតទៅលើដំណោះស្រាយ ព្រោះការផ្លាស់ប្ដូរខ្លួនឯងគឺស្ថិតនៅក្នុងដែនកំណត់របស់ពួកគេ។ បើពួកគេរង់ចាំឲ្យខាងក្រៅផ្លាស់ប្ដូរ នោះមានន័យថាពួកគេរស់នៅក្រោមឥទ្ធិពលខាងក្រៅ និងជាជនរងគ្រោះរបស់ឥទ្ធិពលទាំងនោះហើយ។ អ្វីដែលអ្នកត្រូវចងចាំជានិច្ចនោះគឺ ចូរជឿជាក់ជានិច្ចថាអ្នកអាចធ្វើបាន នោះអ្នកនឹងធ្វើបានប្រាកដមែន៕
ដោយ៖ ស្រីពៅ