តើអ្នកមានគ្រួសារគួរធ្វើយ៉ាងណាទើបអាចសេសសល់លុយសម្រាប់បំពេញតម្រូវការក្នុងពេលអនាគតបាន ?
លុយ អាចធ្វើឲ្យមនុស្សក្លាយជាអ្នកមាន តែក៏អាចក្លាយជាអ្នកក្រក្នុងពេលតំណាលគ្នាបានដែរ ព្រោះភាពមានបានឬភាពក្រីក្ររបស់មនុស្ស គឺអាស្រ័យនៅត្រង់ថាតើបុគ្គលម្នាក់នេះប្រើប្រាស់លុយរបស់ពួកគេយ៉ាងដូចម្ដេច។ ពិតប្រាកដណាស់ថា អ្នកមានយកលុយទៅបង្កើតលុយ ដោយដាក់អាទិភាពទៅលើការសន្សំជាមុននិងយកចំណែកខ្លះទៀតសម្រាប់វិនិយោគបន្ត បន្ទាប់មកទើបចំណែកសេសសល់សម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ខ្លួន។
ប៉ុន្តែ ស្ថានភាពមនុស្សម្នាក់ៗមិនដូចគ្នានោះទេ ការសន្សំនឹងក្លាយជារឿងមិនដូចគ្នានៅពេលនិយាយទៅកាន់អ្នកដែលមានទំនួលខុសត្រូវលើគ្រួសារ និងអ្នករស់នៅម្នាក់ឯង។ តើនេះមានន័យថា អ្នកមានគ្រួសារមិនអាចសល់លុយសម្រាប់បំពេញសេចក្ដីសុខក្នុងពេលអនាគតឬ ?
ការសន្សំមិនមែនមានន័យត្រឹមតែជាការកាត់បន្ថយការចំណាយប្រចាំថ្ងៃពីប្រាក់ចំណូលថេរនោះទេ ពីព្រោះបើអ្នកធ្វើបានតែបែបនេះ នោះអ្នកគ្រាន់តែអាចបំពេញតម្រូវការរបៀបនៃការរស់នៅប្រចាំថ្ងៃរបស់អ្នកឲ្យបរិបូណ៌ប៉ុណ្ណោះ ប៉ុន្តែតម្រូវការរបស់មនុស្សមិនបានបញ្ចប់ត្រឹមនេះនោះទេ ពួកគេតែងតែត្រូវការផ្ទះថ្មី ឡានថ្មី ជាពិសេសគឺផ្គត់ផ្គង់ការសិក្សារបស់កូនៗដែលចេះតែកើនឡើងក្នុងការចំណាយពេលពួកគេកាន់តែធំពេញវ័យ។
ហេតុនេះហើយសុភាសិតខ្មែរបុរាណមួយឃ្លា បើទោះជាមានអាយុកាលយូរអង្វែងហើយក្ដី ក៏នៅតែត្រូវនៅក្នុងស្ថានភាពជាក់ស្ដែងបច្ចុប្បន្ន ដែលបានពោលថា ចេះប្រាកដប្រាក់រត់តាមហោប៉ៅ។ ការសិក្សាមិនបញ្ចប់នៅត្រឹមក្នុងសាលានោះឡើយ ចំណេះដឹងតែងតែបន្ថែមនិងកែសម្រួលថ្មីៗជាបន្តបន្ទាប់។ ចំណេះដឹងឥតមានដែនកំណត់នោះឡើយ បើអ្នកបញ្ឈប់ការរៀនសូត្រអភិវឌ្ឍខ្លួនឯង នោះចំណេះដឹងរបស់អ្នកនឹងមានដែនកំណត់។ អ្នកក៏មិនអាចធ្វើរឿងដដែលៗ ដោយរំពឹងទុកនូវលទ្ធផលខុសប្លែកពីមុននោះដែរ។ សរុបមកមានន័យថា អ្នកត្រូវតែបន្តអភិវឌ្ឍខ្លួនឯងជាប្រចាំ រៀនសូត្រនិងបណ្ដុះជំនាញថ្មីៗ នោះវានឹងតបស្នងឲ្យអ្នកមកវិញនូវប្រយោជន៍ដ៏ធំធេង។
ធ្វើជាមនុស្សដែលលេចធ្លោខុសពីអ្នកដទៃ នោះអ្នកនឹងក្លាយជាមនុស្សដែលគេមិនអាចជំនួសអ្នកបាន។
អ្នកត្រូវការចំណាយច្រើនព្រោះអ្នកមានបន្ទុកធ្ងន់ ដូច្នេះអ្នកមិនអាចសល់លុយដោយគ្រាន់តែត្បិតត្បៀតការចំណាយតែម្យ៉ាងពីចំណូលថេរនោះទេ អ្វីដែលសំខាន់ជាងនេះទៅទៀតអ្នកត្រូវបង្កើនប្រាក់ចំណូលរបស់ខ្លួន និងកាត់បន្ថយការចំណាយសម្រាប់ការសន្សំក្នុងពេលជាមួយគ្នា។ លុយអាចធ្វើឲ្យមនុស្សមានតែក៏អាចក្លាយជាអ្នកក្រក្នុងពេលតែមួយ ដូច្នេះអ្នកត្រូវចេះប្រើប្រាស់លុយរបស់ខ្លួនដោយឈ្លាសវៃ ពីព្រោះថាបើអ្នកមិនចេះប្រើប្រាស់វាដោយឈ្លាសវៃទេនោះ នោះទោះប្រាក់ចំណូលរបស់អ្នកកើនក៏ដោយ អ្នកនៅតែមានលេសឲ្យខ្លួនឯងថាមិនមានលុយសេសសល់ដដែល។
យកលុយទៅបង្កើតលុយបន្ត នោះបើអ្នកកាន់តែចាយ ប្រាក់ចំណូលអ្នកនឹងកាន់តែកើន ពីព្រោះអ្នកបង្កើតច្រកច្រើនឲ្យខ្លួនឯង។ ការកំណត់គោលដៅជាក់លាក់ក្នុងរយៈពេលវែងក៏ជារឿងសំខាន់ ព្រោះវានឹងជួយតម្រង់របៀបនៃការចាយវាយរបស់អ្នកឲ្យមានការថ្លឹងថ្លែងវិនិច្ឆ័យបានល្អរវាងចំណង់និងតម្រូវការ។ ការសន្សំជារឿងសំខាន់ ប៉ុន្តែបើអ្នកមានទំនួលខុសត្រូវច្រើន នោះអ្នកមិនអាចសល់បានដោយគ្រាន់តែកាត់បន្ថយចំណាយនោះទេ តែត្រូវរកវិធីបង្កើនប្រាក់ចំណូលរបស់ខ្លួន ដែលមានតែការអភិវឌ្ឍចំណេះដឹងរបស់ខ្លួនតែម្យ៉ាងគត់ដែលអាចសម្រេចគោលដៅរបស់អ្នកបាន៕
ដោយ៖ ស្រីពៅ